រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំឱ្យបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានណែនាំដល់គណ:កម្មការបណ្ដុះបណ្ដាលវិក្រឹតការនិងវិជ្ជាជីវៈសារព័ត៌មាន ឱ្យរៀបចំគម្រោងជាសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាល ទៅដល់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេបានប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានគុណភាព ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ ប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាន៍ថា បណ្តាញផ្សព្វផ្សាយ មានសារសំខាន់ណាស់ ដើម្បីផ្ដល់ដំណឹង និងហេតុការណ៍ផ្សេងៗ ឱ្យប្រជាពលរដ្ឋ បានដឹងនូវព្រឹត្តិការណ៍ដែលពិតច្បាស់ការ និងអាចទុកចិត្តបាន ។ ដូចនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់គណ:កម្មការបណ្ដុះបណ្ដាលវិក្រឹតការនិងវិជ្ជាជីវៈសារព័ត៌មានឱ្យយកចិត្តទុកដាក់នៅក្នុងការរៀបចំនូវគម្រោងសិក្ខាសាលា ក៏ដូចជា វគ្គបណ្ដុះបណ្ដាលផ្សេងៗ ទៅដល់អ្នកសារព័ត៌មាន ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា បណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវដឹងថា អ្វីគឺជាតួនាទីអ្នកសារព័ត៌មាន , ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យការប្រកបវិជ្ជាជីវៈនោះ មានគុណភាព មានក្រមសីលធម៌ត្រឹមត្រូវ ។

សំឡេង៖ «ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៅដល់គណកម្មការបណ្ដុះបណ្ដាលវិក្រឹតការនិងវិជ្ជាជីវៈសារព័ត៌មានឱ្យយកចិត្តទុកដាក់នៅក្នុងការរៀបចំនូវគម្រោងដើម្បីរៀបចំជាសិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាលផ្សេងៗទៅដល់អ្នកសារព័ត៌មានដោយសំខាន់ទី១ គឺ តួនាទីអ្នកសារព័ត៌មាននៅក្នុងការអនុវត្តវិជ្ជាជីវៈនិងកិច្ចសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទៅនឹងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។ ទី ២ គឺពាក់ព័ន្ធទៅនឹងការស្វែងយល់អំពីទិដ្ឋភាពច្បាប់ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលបំពេញឱ្យតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន។ ហើយជាពិសេសគឺការត្រៀមរៀបចំនៅក្នុងការស្វែងយល់ អំពីការប្រើប្រាស់ច្បាប់ការងារនៅក្នុងវិស័យព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកសារព័ត៌មានរបស់យើង។ ហើយទី៣គឺការបណ្ដុះបណ្ដាលសមត្ថភាពដល់អ្នកសារព័ត៌មាននូវវិជ្ជាជីវៈក៏ដូចជាការស្វែងយល់អំពីទិដ្ឋភាពទូទៅនៅក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាយើងកាន់តែមានគុណភាព កាន់តែមានតម្លៃ និងជៀសវាងនូវការអនុវត្តវិជ្ជាជីវៈដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈដូចជាច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន»។

ឯកឧត្តម ខៀវ កាញារីទ្ធ តែងតែបានរំលឹកដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹងផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណា ដែលមិនច្បាស់លាស់ ។ ឯកឧត្តម បញ្ជាក់ថា រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវ ទើបដំណឹងដែលផ្សាយចេញទៅ ទទួលបានទំនុកចិត្តពីសាធារណៈជន និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង