ផ្លូវបេតុងសហគមន៍ ប្រវែងជាង៣០០ម៉ែត្រនៅភូមិព្រះដាក់ ដែលកើតចេញពីការរៃអង្គាសថវិកា១០០ភាគរយរបស់សហគមន៍ ត្រូវបានបញ្ចប់ការសាងសង់ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2021 68 សៀមរាប៖ សប្បុរសជននិងប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានរួមគ្នាកសាងផ្លូវបេតុងមួយខ្សែ ឆ្លងកាត់ភូមិព្រះដាក់ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមកឱ្យកាន់តែងាយស្រួល។ លោកតូច ឈន់ មេឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា មកដល់ពេលនេះ ផ្លូវបេតុងសហគមន៍ មានប្រវែងជាង៣០០ម៉ែត្រ ដែលកើតចេញពីការរៃអង្គាសថវិកា១០០ភាគរយរបស់សហគមន៍ ត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅក្នុងភូមិព្រះដាក់។លោកបន្តថា ផ្លូវបេតុងមួយខ្សែនេះ ទទួល បានមកពីកម្លាំងសាមគ្គីភាព រវាងព្រះសង្ឈ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋដែលបានផ្តួចផ្តើមរួមគ្នាកសាងផ្លូវនេះ តភ្ជាប់ពីផ្លូវកៅស៊ូទៅនឹងផ្លូវបេតុងដែលមានស្រាប់ និងបានធ្វើឱ្យផ្លូវឆ្លងកាត់ក្នុងភូមិព្រះដាក់ ដែលធ្លាប់តែជាផ្លូវដីសក្លាយជាផ្លូវ មួយដ៏ស្រស់ស្អាត លែងមាន បញ្ហាហុយដី និងបង្កើតបានជាឱកាសថ្មីៗដល់អ្នកភូមិដែលរស់នៅតាមដងផ្លូវផងដែរ។ “លុយដែលធ្វើផ្លូវនេះ សប្បុរសជនជាអ្នកជួយ មិនមែនលុយកញ្ចប់របស់ឃុំទេ ព្រោះឯក ឧត្តមនាយរងកងពលអន្តរាគមន៍លេខ២ គាត់ជួយស៊ីម៉ង់ត៍មួយចប់ ហើយខាងក្រួស ខ្សាច់យើងអំពាវនាវរកទៅអ្នកមានធនធានទាំងអស់ ឱ្យគេជួយក្នុងផ្លូវ៣០០ម៉ែត្រហ្នឹង គេជួយគ្រប់ទាំងអស់ហ្នឹង បានយើងធ្វើផ្លូវបេតុង៣០០ម៉ែត្រនោះសម្រេចបញ្ចប់ ហើយអ្នកផ្ទះក្នុងភូមិតាមផ្លូវ នោះគេជួយខ្លះៗ ឯកម្លាំងដែលធ្វើនោះមានព្រះសង្ឈ និងប្រជាពលរដ្ឋនៅក្នុងភូមិ សុទ្ធសាធ”។ សូមជម្រាបផងដែរថា ព្រះដាក់ជាឃុំគំរូមួយរបស់ស្រុកបន្ទាយស្រី ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់បានបង្ហាញភាពជាម្ចាស់លើភាពស្រស់ស្អាត អនាម័យ បរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជា៖ការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាមនិងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អតាមរយៈការបង្កើតសេវា”សហគមន៍ស្វ័យគ្រប់គ្រងសំរាម”ក្នុងពេលកន្លងមក៕ 68 ចែករំលែក