ក្រសួងសុខាភិបាល ស្នើមន្ទីរសុខាភិបាលរាជធានី-ខេត្ត បង្កើនការយក​​ចិត្តទុកដាក់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ បច្ចេកទេសការពារការចម្លងកូវីដ១៩ ​ឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបច្ចេកទេសការពារការចម្លងកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈ ដែលកន្លងទៅនេះ វីរុសបំប្លែងថ្មីមានប្រភពមកពីប្រទេសឥណ្ឌាបានរកឃើញ ទៅលើពលករកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ពេលនេះ វីរុសបំប្លែងថ្មីដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយនៅក្នុងតំបន់អាស៊ាន មានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ និងបណ្តាមន្ទីរសុខាភិបាលទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលិកម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀត នៅតាមទីតាំងដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ។

សូមជម្រាបថា កាលពីថ្ងៃទី ៤ ខែមិថុនា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequecing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ ១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មីប្រភេទ B.1.617 លើអ្នកជំងឺចំនួន ៣ នាក់ ដែលជាពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ ដែលពួកគាត់ក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យម្នាក់ និងខេត្តបាត់ដំបង ២ នាក់៕

អត្ថបទដែលជាប់ទាក់ទង