ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារ និងត្រៀមប្រព័ន្ធប្រកាស់ឱ្យដឹងមុនគ្រោះមហន្តរាយដែលកើតឡើង
នៅថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយកំណត់អត្តសញ្ញាណកម្ម និងអន្តរាគមន៍ដោះស្រាយករណីគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការត្រៀមបម្រុងក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅតាមតំបន់ដែលរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ។ អន្តរាគមន៍ដោះស្រាយករណីគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា សំខាន់បំផុតនោះគឺ ត្រូវជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និង សាងសង់ ជួសជុលផ្ទះសម្បែងរងការខូចខាត ជួយផ្ដល់ស្បៀងអាហារ និងបរិក្ខារប្រើប្រាស់ជាចម្បងសិន ។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ឆ្លងតាមការផ្សព្វផ្សា យនៃការប៉ះពាល់នូវកម្តៅអែលនីញ៉ូ ដែលមិនត្រឹមតែធ្វើឱ្យមានការខ្វះខាតទឹកនោះទេ ថែមទាំងអាចនឹងកើតមាននូវគ្រោះមហន្តរាយ ខ្យល់កន្ទ្រាក់ និងផ្គររន្ទះទៀតផង។ គ្រប់បណ្តាក្រុង ស្រុក ត្រូវមានរបាយការណ៍ជូនជាបន្តបន្ទាប់ និងតាមដានគ្រប់សកម្មភាព ដែលសង្ស័យថាមានចំណុចហ្នឹងទទួលរងគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ និងនៅតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនប្រើប្រាស់នៅដើម និងក្នុងរដូវវស្សានេះដែលមានភ្លៀងធ្លាក់ដោយកន្លែង។
ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និង ឧតុនិយម ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងបងប្អូនសប្បុរសជន ដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់ និងបានសំណូមពរឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍អនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺៈ ៣ការពារ និង៣កុំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយបៃ ស៊ីថុន, សម្រួលផ្សាយ៖ កន ចំណាន