រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីរកឃើញថ្មីខាងលើ មាននៅក្នុងមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចជា៖ ១. ស្រុកព្រះស្ដេច ចំនួន៣០នាក់, ២. ស្រុកបាភ្នំ ចំនួន៦នាក់, ៣. ស្រុកពាមជរ ចំនួន១នាក់, ៤. ស្រុកស្វាយអន្ទរ ចំនួន៤នាក់, ៥. ស្រុកមេសាង ចំនួន១នាក់, ៦. ស្រុកស៊ីធរកណ្តាល ចំនួន១នាក់ និង៧. អ្នកមកពី ខេត្តកណ្តាល ចំនួន២នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ដោយឡែក ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕
ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង, សម្រួលផ្សាយ៖ កន ចំណាន