ឧបនាយករដ្ឋមន្រ្តីចិន និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច

​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀងគ្នា​រក្សា​ការប្រាស្រ័យ​ទាក់ទង​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច នៅពេលដែល​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​កិច្ចពិភាក្សា​តាម​សន្និសីទ​វីដេអូ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

​ ​នៅក្នុង​ការសន្ទនា​គ្នា​រវាង​ឧបនាយករដ្ឋមន្ត្រី​ចិន លោក Liu He ដែលជា​ប្រមុខ​នៃ​ភាគី​ចិន​សម្រាប់​កិច្ចសន្ទនា​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន – សហរដ្ឋអាមេរិក និង​រដ្ឋមន្ត្រីក្រសួងរ​ត​នាគារ​របស់​សហរ​ដ្ឋ​អាមេរិក លោកស្រី Janet Yellen ពួកគេ​បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង​សហរដ្ឋអាមេរិក​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​នេះ​បានឱ្យដឹងថា ​«​ដោយ​ស្មារតី​សមភាព និង​ការជឿទុកចិត្ត​គ្នា ពួកគេ​បានធ្វើការ​ផ្លាស់ប្តូរ​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដោយ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដោយ​ត្រង់ៗ​ទៅលើ​បញ្ហា​ដែលមាន​ការយកចិត្តទុកដាក់​ទៅវិញទៅមក និង​បង្ហាញ​អំពី​ឆន្ទៈ​ចំពោះ​ការរក្សា​ការប្រាស្រ័យ​ទាក់ទង​»​។​

​កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​លោក Liu បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក លោកស្រី Katherine Tai កាលពី​ថ្ងៃទី ២៧ ខែឧសភា​កន្លងមក​៕ (​ប្រភព People’s Daily បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង