ក្រសួងអប់រំធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំដើម្បីឱ្យស្របនឹងគោលដៅអភិវឌ្ឍន៍ទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា ក្រសួងបានសម្រេចរៀបចំធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បីឱ្យស្របនឹងគោលដៅអភិវឌ្ឍន៍ទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថ ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំនេះ គឺដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានឧត្តមសិក្សាជាតិទទួលបន្ទុកបណ្តុះបណ្តាលគ្រូ បង្រៀន និងមន្ត្រីគ្រប់គ្រងអប់រំឱ្យឈានមុខគេ នៅកម្ពុជាទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថ។

ការសម្រេចធ្វើកំណែទម្រង់វិទ្យាស្ថានអប់រំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ តាមអនឡាញ ក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធនានា ដើម្បីកំណត់បេសកកម្ម និងគោលដៅ ពិនិត្យមើលផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ផ្នែករឹង) ពិនិត្យមើលកំណែទម្រង់ផ្នែកទន់ និងការស្វែងរកវិធានការ ដោះស្រាយ។

សំឡេង៖ «ជាលទ្ធផលនៃកិច្ចប្រជុំនេះ វិទ្យាស្ថានជាតិអប់រំនឹងរៀបចំកំណត់បេសកកម្ម និងគោលដៅ ពិនិត្យមើលផែនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ផ្នែករឹង) ពិនិត្យមើលកំណែទម្រង់ផ្នែកទន់ និងការស្វែងរកវិធានការដោះស្រាយ ដើម្បីឆ្លើយតបនឹងគោលបំណងនៃការធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ។ កំណែទម្រង់វិទ្យាស្ថានជាតិអប់រំនេះ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំឆ្នាំ២០៣០ និងផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដែលមានគោល នយោបាយពីរគឺ ១) ធានាឱ្យការអប់រំមានគុណភាពប្រកបដោយ សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និង ២) ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់»។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិអប់រំ “ត្រូវបានទទួលស្គាល់ថាជាស្ថាប័នឈានមុខគេ លើការ បណ្ដុះបណ្ដាលអ្នកស្រាវជ្រាវអប់រំ គ្រូបង្រៀន កម្រិតឧត្ដមមន្ត្រីផែនការអ្នកដឹកនាំ និងអ្នកគ្រប់គ្រងក្នុង វិស័យ អប់រំ “។

វិទ្យាស្ថានជាតិអប់រំ បាននិងកំពុងធ្វើការបណ្ដុះបណ្ដាល គ្រូបង្រៀនកម្រិតឧត្ដមគ្រប់មុខវិជ្ជាឯកទេស គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ អធិការអប់រំតាមប្រព័ន្ធអធិការកិច្ចថ្មី និង ការបណ្ដុះបណ្ដាលនាយកសាលា។ ចំពោះការបណ្ដុះបណ្ដាលបន្ត (In-service) វិទ្យាស្ថានជាតិអប់រំបាន ធ្វើការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដល់អធិការអប់រំមានស្រាប់ ស្ដីពីប្រព័ន្ធអធិការកិច្ចថ្មី បំប៉នសមត្ថភាពគ្រូវិទ្យាល័យលើខ្លឹមសារវិធីសាស្ត្រ និងជំនាញ ពិសោធន៍វិទ្យាសាស្ត្រ បណ្ដុះបណ្ដាលមន្ត្រីគ្រប់គ្រងអប់រំថ្នាក់រាជធានី/ខេត្ត លើការរៀបចំផែនការវិស័យអប់រំនៅ កម្ពុជា និង បណ្ដុះបណ្ដាលនាយក នាយិកាវិទ្យាល័យស្ដីពីប្រព័ន្ធអធិការកិច្ចថ្មី៕

អត្ថបទដែលជាប់ទាក់ទង