ក្រសួងទេសចរណ៍ កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ល្មើសនឹងវិធានបង្ការកូវីដ-១៩
ក្រសួងទេសចរណ៍ បាន សម្រេច កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលល្មើសនឹងវិធានការបង្ការមេរោគកូវីដ-១៩ សំដៅពង្រឹងការអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ នៅត្រីមាសទី៤ខាងមុខនេះ ដើម្បស្តារសេដ្ឋកិច្ចឱ្យប្រសើរឡើងវិញ។
សារាចរណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងមានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលដោយការបិទអាជីវកម្ម ចំពោះសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលលបលួចតាមគ្រប់មធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ ក្នុងការធ្វើអាជីវកម្មនៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍សម្រេចឱ្យផ្អាកសកម្មភាព។
ជាមួយគ្នានេះ ក៏មានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលដោយព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនបានអនុវត្តតាមវិធានការសុវត្ថិភាពទេសចរណ៍ដូចជា កត់ត្រាអត្តសញ្ញាណទេសចរ មានអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងជាដើម និង ណែនាំដល់ភ្ញៀវទេសចរឱ្យចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩» និងតម្រូវឱ្យភ្ញៀវទេសចរ ត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន ការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងការតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាស់ លើកលែងនៅពេលបរិភោគអាហារ និងភេសជ្ជៈ និងរក្សាគម្លាតសុវត្ថិភាព ស្របតាមគោលការណ៍សុខាភិបាល ជាដើម។
ឯកឧត្តម បន្តថា ការសម្រេចបិទអាជីវកម្មនេះ អាចមានរយៈពេលចាប់ពី១ឆ្នាំ ទៅ៥ឆ្នាំ និងរងការពិន័យអន្តរការណ៍ជាប្រាក់ផងដែរ។
ការសម្រេចនេះ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវដទៃទៀត ៕