ពិធីប្រកាសតែងតាំងព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីង នៃ CAMSOC
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំពិសេសមួយ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការប្រកាស តែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និង សារធាតុហាមឃាត់ក្នុងវិស័យកីឡា(ដូពីង) នៃ CAMSOC ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាព។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីប្រកាសតែងតាំងប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីង អមគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីពេលថ្មីៗនេះ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់ លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡានេះ ហើយពេលនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានប្រកាសតែងតាំង ដើម្បីឱ្យសមាជិកនៃគណៈកម្មការជំនាញអមមួយនេះបានស្គាល់គ្នា ចាប់ដៃគ្នាធ្វើកិច្ចការវេជ្ជសាស្ត្រកីឡាបន្តពីលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានធ្វើកន្លងមក។ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីង នឹងបន្តជួយដល់ការថែរក្សាសុខុមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ដល់កីឡាករ កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។
ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះ លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏នឹងទៅក្លាយជាសមាជិកពេញសិទ្ធិរបស់គណៈកម្មការវេជ្ជសាស្ត្រនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ហើយពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយជាប្រធានគណៈកម្មការវេជ្ជសាស្រ្តស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានា ដែលធ្វើម្ចាស់ផ្ទះដូចគ្នា។
ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះ ក៏ត្រៀមខ្លួនក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នាចុងឆ្នាំ២០២១នេះ ដើម្បីដកស្រង់បទពិសោធន៍លើកិច្ចការវេជ្ជសាស្ត្រកីឡា និងសារធាតុដូពីង ត្រឡប់មករៀបចំសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏បង្ហាញនូវភាពរីករាយជាខ្លាំងជាមួយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មថ្មីៗ សម្រាប់វិស័យកីឡាកម្ពុជា ហើយលោកនឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹកជម្រើសជាតិនានា នូវអ្វីដែលហៅថា វេជ្ជសាស្ត្រកីឡា ជួយដល់វិទ្យាសាស្ត្រកីឡា ហើយវេជ្ជសាស្ត្រកីឡាជួយដល់ការបង្កើនគុណផលកីឡា ក្នុងពេលហ្វឹកហាត់ ព្រមទាំងជួយដល់ការយល់ដឹងពីរបបអាហារូបត្ថម្ភរបស់កីឡាករ កីឡាការិនី ដែលត្រូវស្តារថាមពលកម្លាំងឡើងវិញ ក្រោយពេលហ្វឹកហាត់ជាដើម៕
ដោយហេង ណាលីន, សម្រួលផ្សាយ៖ កន ចំណាន