សមត្ថកិច្ចចាប់ខ្លួនមេឈ្មួញរកស៊ីឈើខុសច្បាប់ល្បីឈ្មោះប្រចាំស្រុកែវសីមា ពីបទប៉ុនប៉ងឃាតកម្ម និងបំផ្លាញទ្រព្យសម្បត្តិ

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើឡើងនៅកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចរមណីយដ្ឋានកាំពី ខេត្តក្រចេះ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន ៖ ទី១- ឈ្មោះសារី  គ្រីយ៉ា  ភេទប្រុស  អាយុ៤៣ ឆ្នាំ និងទី២- ឈ្មោះ ហាំ ប៉ូលី ភេទប្រុស អាយយុ៤១ឆ្នាំ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនពីបទ ប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំងពីរនាក់បាននាំខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីតាមច្បាប់។

គួរបញ្ជាក់ ជនសង្ស័យឈ្មោះ សារី គ្រីយ៉ា ជាមេឈ្មួញរកស៊ីខុសច្បាប់ដ៏ល្បីឈ្មោះម្នាក់ប្រចាំស្រុកកែវសីមា និងជាអ្នកគៀងគរមនុស្សឲ្យចូលទៅលួចកាប់បំផ្លាញព្រៃឈើក្នុងដែនអភិរក្សសត្វព្រៃកែវសីមា និងជាបុគ្គលល្បីឈ្មោះខាងកាប់ទន្ទ្រានដីព្រៃអភិរក្សយកធ្វើកម្មសិទ្ធិផងដែរ។

កាលពីឆ្នាំ២០១៩ បុគ្គលឈ្មោះ សារី គ្រីយ៉ា នេះ ត្រូវបានតុលា ការខេត្តមណ្ឌលគិរីចេញដីកាស្វែងរកចាប់ខ្លួនម្តងហើយ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើ ប៉ុន្តែមានសំណាងបានរួចខ្លួន និងកាន់ល្បី ឈ្មោះលើសពេលមុនខាងជំនួញឈើខុសច្បាប់នៅក្នងឆ្ន្នាំ២០២០-២០២១ ទីបញ្ចប់ត្រូវអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ខេត្តមណ្ឌលគិរីបានសម្រេចក្រោមបណ្តាសារុក្ខទេវតារក្សាព្រៃភ្នំ៕

 

អត្ថបទដែលជាប់ទាក់ទង