លោកអធិការក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបក្រុមចោរឆក់ យ៉ាងសកម្មបានម្នាក់
កណ្តាល៖ ក្រុមចោរឆក់យ៉ាងសកម្មនៅក្រុងតាខ្មៅម្នាក់ ត្រូវបានលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងចុះបង្ក្រាប បានដោយជោគជ័យ ។
សកម្មភាពបទល្មើស នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤៖៤០នាទី នៅចំណុចផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំណុចលើស្ពានបាឡេ សង្កាត់តាខ្មៅ ។
ជនរងគ្រោះ ឈ្មោះ ម៉ាង ផល្លា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិ កំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ ។
ជនសង្ស័យ២នាក់ ទី១ឈ្មោះ សា យូសុះ ហៅ ង៉ា ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម បានគេចខ្លួន និង ទី២ឈ្មោះនី បូរ៉ា ហៅស្កូវ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ TNM NEWS ថា កាលពីវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបចេញពីផ្ទះក្នុងគោលបំណងទៅភ្នំពេញ ដោយមានស្ពាយកាបូបមួយ ។
ពេលជិះមកដល់មុខសាលាខេត្តកណ្តាល ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកទន្ទឹម ហើយគ្នាវាម្នាក់អង្គុយក្រោយបានធ្វើសក្មភាពឆក់កាបូបរបស់ជនរងគ្រោះ ហើយរត់គេចខ្លួន ចូលតាមផ្លូវបេតុងភូមិព្រែកតាពៅ១ បាត់ទៅ ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន ហើយកម្លាំងប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ និង ចុះទៅឆែកកាម៉េរ៉ាសុវត្ថិភាព ទើបកំណត់មុខសញ្ញាបាន ហើយចុះទៅឃាត់ខ្លួនជនសង្ស័យ តែជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូមួយគ្រឿង រួចក៏បានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវ ។
រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះនី បូរ៉ា ហៅស្កូវ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានជិះម៉ូតូម៉ាកវីវ៉ាជាមួយឈ្មោះង៉ាប្រាកដមែន តែខ្លួនពុំបានធ្វើសកម្មភាពឆក់កាបូបរបស់គេទេ គឺ ឈ្មោះង៉ាជាអ្នកធ្វើសកម្មភាពឆក់ ៕