CAMSOC បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម

ណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តពិភាក្សាលម្អិតបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីត្រៀមលក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមរៀបចំប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍ ការទទួលសិទ្ធិ និងទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមបន្តមកម្ចាស់ផ្ទះ ស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា យោងតាមផែនការយុទ្ធសាស្ត្ររបស់ CAMSOC តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឱ្យគណៈអចិន្ត្រៃយ៍ បន្តយកចិត្តទុកដាក់លើការត្រួតពិនិត្យ តាមដាន កិច្ចការនានាត្រៀមចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៣។ ដូច្នេះហើយជារៀងរាល់សប្តាហ៍ គណៈអចិន្ត្រៃយ៍ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចការទាំងអស់នេះជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺ ១-ការរៀបចំផែនការលើផ្នែកបច្ចេកទេស កីឡាករ កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ពីថ្ងៃទី២១ខែវិច្ឆិកា-២ខែធ្នូ ឆ្នាំ២០២១ ។ ២-ការត្រៀមប្រតិភូជាន់ខ្ពស់ជាមួយក្រុមសិល្បៈសម្តែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមក ស៊ីហ្គេម នៅកម្ពុជា លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាពិធីផ្ទេរតំណែង-ពិធីប្រគល់ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមមកស៊ីហ្គេម នៅកម្ពុជា (នៅក្នុងពិធីបិទការប្រកួត ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១)។

ជាមួយគ្នានេះ CAMSOC បានផ្តល់ជូននូវព័ត៌មានលម្អិត ដល់សហព័ន្ធកីឡាជាតិនានាថា តើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ? ត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ? ក្រៅពីការហ្វឹកហាត់បង្កើនបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ។

ចំពោះសៀវភៅបច្ចេកទេស (Technical Handbook) របស់ប្រភេទកីឡានីមួយៗ គឺម្ចាស់ផ្ទះវៀតណាមនឹងផ្តល់នូវការកំណត់បច្ចេកទេសវិញ្ញាសា នៃប្រភេទកីឡាទាំងអស់ នាអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីឱ្យសហព័ន្ធកីឡាជាតិទាំងអស់ បានសិក្សាឈ្វេងយល់ និងត្រូវធ្វើអ្វីខ្លះមុនពេលទៅចូលរួមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ហើយនៅក្នុងពេលការប្រកួតស៊ីហ្គេម គ្រប់ប្រភេទកីឡាត្រូវធ្វើអ្វីខ្លះ មានកម្មវិធីអ្វីខ្លះ គឺគេចែងនៅក្នុងសៀវភៅបច្ចេកទេសនេះតែម្តង។

ទន្ទឹមគ្នានោះ CAMSOC ក៏រៀបចំផែនការលម្អិត ស្តីពីក្រុមការងារនៃគណៈកម្មការជំនាញរបស់ខ្លួន ទៅសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ដោយផ្ទាល់ ដើម្បីយកមករៀបចំស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងពេលនោះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ចាប់ពីអគ្គលេខាធិការរងឡើងទៅ ដែលទទួលផ្នែកបច្ចេកទេស នឹងចូលរួមសិក្សាលើការគ្រប់គ្រង ដឹកនាំ នៃប្រភេទកីឡារបស់ខ្លួន ក្នុងពេលប្រកួតស៊ីហ្គេម ខាងមុខនេះ។ ពីព្រោះថា សហព័ន្ធកីឡាជាតិជាអ្នក គ្រប់គ្រងនៅក្នុងវេទិកាប្រកួត ឬទីលានប្រកួតផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ក៏នឹងត្រូវធ្វើទំនាក់ទំនងឱ្យហើយជាមួយសហព័ន្ធកីឡាអន្តរជាតិនានា តាមប្រភេទកីឡាជំនាញរបស់ខ្លួន ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ គឺ CAMSOC ក៏បានជម្រាបជូនពីកម្មវិធីនៅក្នុងពីធីបិទការប្រកួតជាផ្លូវការ ដែលកម្ពុជានឹងទទួលទង់ស៊ីហ្គេម ព្រមជាមួយនឹងការទទួលការស្វាគមន៍ តាមរយៈការសម្តែងផែនទស្សនីយភាពសិល្បៈរួមមួយ ក្នុងរយៈពេល១០នាទី ដែលបង្ហាញពីភាពទាក់ទាញនៃសក្តានុពលសិល្បៈ-វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលវិស័យកីឡារបស់កម្ពុជា នៅក្នុងពិធីបិទការប្រកួតនោះ។ «នៅក្នុងការសម្តែងនោះ កម្ពុជានឹងបង្ហាញពីភាពលេចធ្លោ ភាពអស្ចារ្យ នៃអរិយធម៌ខ្មែរ សេដ្ឋកិច្ច សង្គម ភាពជឿនលឿន រាជធានី សន្តិភាពនៃប្រទេសរបស់យើង ក៏នឹងត្រូវបញ្ចូលនៅក្នុងពិធីសម្តែងជាផ្លូវការនោះ ដែលជាសញ្ញាណបើកការស្វាគមន៍យ៉ាងកក់ក្តៅឆ្ពោះមកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ដើម្បីឱ្យបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ ផ្តល់ការគាំទ្រធ្វើឱ្យដំណើរ ការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ជាលើកដំបូងផងដែរ» ៕

ដោយហេង ណាលីន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង