នគរបាលខេត្តកណ្តាល បញ្ជូនក្រុមឧក្រិដ្ឋជន៥នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត១០០គីឡូក្រាម ទៅប្រទេសវៀតណាម មកតុលាការ
កណ្តាល៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជូនក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៥នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០ គីឡូក្រាម មកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ។
តាមប្រភពព័ត៌មាន បានអោយ TNM NEWS ដឹងថា ក្រុមឧក្រិដ្ឋជនទាំងនេះ កំពុងស្ថិតក្រោមចំណាត់ការសាកសួររបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
គួររំលឹកថា ថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង មន្ត្រីពាក់ព័ន្ធ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ដោយលទ្ធផល គឺ ឃាត់ខ្លួន និង ឆែកឆេរទីតាំង ចំនួន៤កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល នៅ ខណ្ឌច្បារ អំពៅ ចំនួន១កន្លែង និង ចំនួន៣កន្លែងទៀត នៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ហើយក្នុងប្រតិបត្តិការនេះ ដែរ សមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ ៕