បណ្តាក្រុមហ៊ុនចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលផលិតផលកសិកម្មពីប្រទេសឡាវ
កាសែត Laotian Times បានរាយការណ៍កាលពីថ្ងៃទី ៣១ ខែឧសភាថា បណ្តាក្រុមហ៊ុនអាជីវកម្មរបស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញផលិតផលកសិកម្មដែលមានតម្លៃ ១,៥ប៊ីលានដុល្លារអាម៉េរិកពីប្រទេសឡាវចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។
បណ្តាក្រុមហ៊ុនចិននឹងនាំចូលផលិតផលសណ្តែកដី ១០០ ០០០តោន ម្សៅដំឡូងមី ១០០ ០០០តោន សាច់គោក្លាស្សេ ១០០ ០០០តោន គ្រាប់ស្វាយចន្ទី ២០០ ០០០តោន ស្វាយចន្ទី ១០០ ០០០តោន ផ្លែទុរេន ៥០ ០០០តោន សណ្តែកសៀង ២០០ ០០០តោន ចេក ១០០ ០០០តោន និងស្ករ ៥០០ ០០០តោន។
លោក Khampheng Saysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវបានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់បាននិយាយថា ប្រទេសឡាវបាននិងកំពុងនាំចេញផលិតផលកសិកម្មចំនួន ៧មុខទៅកាន់ប្រទេសចិន ដែលរួមមានពោត ដំឡូងមី ចេក អង្ករ ឪឡឹក ដំឡូងជ្វា និងសណ្តែក។
បណ្តាក្រុមហ៊ុនកសិកម្មរបស់ប្រទេសចិនក៏បានចាប់ផ្តើមដាំផ្លែឈើផ្សេងៗទៀតនៅក្នុងប្រទេសឡាវផងដែរសម្រាប់នាំចេញត្រឡប់ទៅកាន់ប្រទេសចិនវិញ។ កាលពីក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនចិនសរុបចំនួន ២៣៩ បានវិនិយោគទឹកប្រាក់ចំនួន ៥៩០លានដុល្លារអាម៉េរិកទៅលើវិស័យកសិកម្ម និងព្រៃឈើនៅក្នុងប្រទេសឡាវដែលធ្វើឱ្យប្រទេសចិនក្លាយជាវិនិយោគិនកសិកម្មធំជាងគេរបស់ប្រទេសនេះ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល