អភិបាលរងខេត្តបាត់ដំបង បើកកិច្ចប្រជុំការងារស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ នៅស្រុកសំឡូត
នៅថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានក្រុមការងារស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា ការស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពិសេសស្រាវជ្រាវរកមេខ្យល់ដែលនាំពលករចេញ-ចូលប្រទេសថៃ ក៏ដូចជានាំពលករគេចពីការធ្វើចត្តាឡីស័ក គឺជាការងារចាំបាច់នៅពេលនេះ។

លោកអភិបាលរងខេត្ត បានកោតសរសើរដល់កងកម្លាំងជួរមុខគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់ដើម្បីជាតិមាតុភូមិ ហើយដោយឃើញផ្ទាល់នូវទុក្ខលំបាករបស់កងកម្លាំងជួរមុខ លោកបានមានប្រសាសន៍ថា នឹងពាំនាំបញ្ហាប្រឈមទាំងនេះ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយជូនក្នុងពេលឆាប់ៗនេះ។
ក្រោយពីបញ្ចប់កិច្ចប្រជុំ លោកអភិបាលរងខេត្ត ក៏បានអញ្ជើញចុះត្រួតពិនិត្យទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ៤០០ ដោយផ្ទាល់ផងដែរ ព្រមទាំងបានពិនិត្យមើលសកម្មភាពការងារប្រចាំថ្ងៃនៅទីនោះ ៕


ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)