ទោះលំបាក អ្នកស្រី សេន រ៉ម៉ាស នៅបន្តរបរធ្វើក្បាលអណ្ដូងស្នប់ពីឪពុក
(ត្បូងឃ្មុំ)៖ អ្នកស្រី សេន រ៉ម៉ាស បានបន្តរបរធ្វើក្បាលអណ្ដូងស្នប់ពីឪពុកនៅស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ រយៈពេលជាង២០ឆ្នាំមកហើយ។ សព្វថ្ងៃ របរនេះកំពុងមានទីផ្សារល្អ ដោយក្នុងមួយខែអ្នកស្រី អាចលក់ក្បាលអណ្ដូងស្នប់បានចំនួន ៣០០ទៅ៤០០។

ស្ថិតនៅភូមិពោធិឥន្ទ្រ១ ឃុំកោងកាង អ្នកស្រីរ៉មាស បានរំឭកថា ដើមឡើយឪពុករបស់អ្នកស្រីគ្រាន់តែជាអ្នកជីកអណ្ដូងយោងប៉ុណ្ណោះ ហើយក្រោយមកក៏បានពង្រីកមុខរបរជីកអណ្ដូងស្នប់ និងធ្វើក្បាលអណ្ដូងស្នប់ដើម្បីតម្រូវការជីវកម្មខ្លួន ព្រមទាំងលក់បន្តផងដែរ។ បើតាមស្រ្តីវ័យ៤៥ឆ្នាំរូបនេះ ពីមុនអតិថិជនរបស់អ្នកស្រី មានតែអ្នកនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះ ប៉ុន្តែរយៈពេល៣ឆ្នាំចុងក្រោយនេះ មានអតិថិជនមកពីបណ្ដាខេត្តផ្សេងៗបានគាំទ្រផលិតផលរបស់អ្នកស្រី។ «យើងលក់យូរៗទៅ គេចេះតែស្គាល់តៗគ្នា ឥឡូវអ្នកខេត្តផ្សេងមកទិញច្រើន»។ នេះជាការបញ្ជាក់របស់អ្នកស្រី រ៉មាស ដែលបន្ថែមថា តាំងពីចាប់ផ្ដើមរបរនេះមក អ្នកស្រីលក់ក្បាលអណ្ដួលស្នប់មួយតម្លៃ៨ម៉ឺនរៀល។

ដ្បិតបច្ចុប្បន្នរបររបស់អ្នកស្រី កំពុងកាក់កបក្ដី អ្នកស្រីបានឱ្យដឹងថា ការធ្វើក្បាលអណ្ដូងស្នប់នេះ លំបាកខ្លាំងដោយសារតែត្រូវប្រឈមនឹងកម្ដៅភ្លើងខ្លាំង។ អ្នកស្រី បានរៀបរាប់ដួច្នេះ៖« ទម្រាំជ័ររលាយ១០០០អង្សារជាង។ ខ្ញុំទ្រាំក្ដៅណាស់ កាលខ្ញុំចាក់អុសក្ដៅជាងនេះទៀត ពិបាកនោះពិបាកចាក់ម្ដងៗហើមមុខ ហើមមាត់អស់ហើយ តែខ្ញុំចេះតែទ្រាំៗរហូតដល់ថ្ងៃហ្នឹង» ។
ទោះជាអ្នកស្រីបានត្អូញត្អែរពីផលលំបាកយ៉ាងនេះក្ដី ទៅថ្ងៃមុខស្រ្តីរូបនេះ ចង់បន្តរបរនេះ ដល់កូនចៅជំនាន់ក្រោយ ព្រោះរបរមួយនេះបានធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារជាងមុន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ



