សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោយវិបត្តិកូវីដ-១៩
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្នុងសុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ស្ដីពីការលើកកម្ពស់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើនការយកចិត្តទុកដាក់៖
១- បន្តជំរុញ និងគាំទ្រគោលការណ៍សកល តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយមក្នុងការដោះស្រាយក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេសលើវិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល និងថាមពលករកើតឡើងវិញ។
៣- ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តផែនការសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនជាដើម។
៤- ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជនឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតង ទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច និងវិនិយោគពាណិជ្ជកម្ម ដូចជាក្នុងបច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
៥- ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្ដល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្តការអភិវឌ្ឍឧស្សាហកម្មបៃតងនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៦- លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍទីក្រុង ឧទ្យានបៃតង និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕
ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល