ប្រទេសសិង្ហបូរី និងម៉ាឡេស៊ី បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩
កាលពីថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានថ្លែងទៅកាន់ប្រជាជនសិង្ហបុរីអំពីវិធីសាស្ត្ររបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក លី បានថ្លែងដូច្នេះនៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៣១ ខែឧសភា។ លោកបាននិយាយថា លោកមានបំណងចែករំលែកវិធានការណ៍ដើម្បីរក្សាការគ្រប់គ្រងជំងឺកូវីដ-១៩ ខណៈប្រទេសនេះកំពុងបើកសេដ្ឋកិច្ចម្តងទៀត។
វិធានការទាំងនោះរួមមានទាំងការធ្វើតេស្ត ការតាមដានអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការចាក់វ៉ាក់សាំង។ នៅក្នុងខែឧសភា ប្រទេសនេះបានដាក់ចេញនូវវិធានការណ៍រឹតត្បឹតចំពោះការប្រមូលផ្តុំ និងសកម្មភាពនៅទីសាធារណៈចាប់តាំងពីវិធានការបិទខ្ទប់ដោយសារមេរោគកូរ៉ូណាវីរុសកាលពីឆ្នាំមុន ចំពេលមានការកើនឡើងនៃការឆ្លងវីរុសនេះក្នុងស្រុក។
ទន្ទឹមនឹងនេះដែរ ប្រទេសម៉ាឡេស៊ីនឹងត្រូវបិទខ្ទប់នៅទូទាំងប្រទេសសម្រាប់គ្រប់ផ្នែកទាំងអស់នៃវិស័យសេដ្ឋកិច្ច និងសង្គមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមិថុនា។ ប្រទេសនេះនឹងបិទផ្សារទំនើបទាំងអស់ និងហាមឃាត់រាល់ប្រតិបត្តិការសេវាកម្មដែលមិនសំខាន់។
ទេសរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Seri Ismail Sabri Yaakok បាននិយាយថា រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមនឹងមិនត្រូវបានអនុញ្ញាតទេ លើកលែងតែផលិតកម្មចំណីអាហារ សេវាវេជ្ជសាស្ត្រ ទឹក ថាមពល សន្តិសុខ និងការការពារ ការចម្រោះទឹកស្អុយ ការដឹកជញ្ជូន ការប្រាស្រ័យទាក់ទងដែលរួមមានសេវាកម្មផ្សព្វផ្សាយ ទូរគមនាគមន៍ និងសេវាកម្មអ៊ីនធើណេត ឥណទានសហគមន៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា សណ្ឋាគារសម្រាប់តែគោលបំណងនៃការធ្វើចត្តាឡីស័ក ព្រៃឈើ និងភ័ស្តុភារ នៅក្នុងចំណោមវិស័យ និងសេវាកម្មផ្សេងៗទៀត៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល