ប្រទេសចិនបញ្ចប់ការសាងសង់ស្ថានីយ៍វារីអគ្គិសនីធំជាងគេលំដាប់ទី២ នៅលើពិភពលោក

​ប្រទេស​ចិន​បានបញ្ចប់​ការស្ថាបនា​ស្ថានីយ៍​វា​រី​អគ្គីសនី​ធំជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក គឺ ស្ថានីយ៍​វា​រី​អគ្គីសនី Baihetan ដែលមាន​ទីតាំង​ស្ថិតនៅលើ​ដង​ទន្លេ Jingsha ដែលជា​ដៃទន្លេ Yangtze នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​។​

​ប្រតិបត្តិ​ករ​របស់​គម្រោង​នេះ​បាន​និយាយថា សំណង់​សំខាន់ៗ​ត្រូវបាន​តំឡើង​រួចរាល់​អស់ហើយ ហើយ​ម៉ាស៊ីនភ្លើង​ដំបូង​គេ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ១ ខែកក្កដា​។ ស្ថានីយ៍​វា​រី​អគ្គិសនី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ទាំងស្រុង​នៅ​ចុងឆ្នាំ ២០២២ ។​

Baihetan គឺជា​ស្ថានីយ៍​វា​រី​អគ្គិសនី​ដែលមាន​កម្លាំង ១៦​ជី​ហ្កា​វ៉ា​ត់ ដែល​នឹង​អាច​ផលិត​អគ្គិសនី​បាន​រហូតដល់ ៦២​ប៊ី​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ​។ ស្ថានីយ៍​ថ្មី​នេះ​នឹង​ស្ថិតនៅ​លំដាប់​ទី ២ បន្ទាប់ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ដែលមាន​ទំហំ ២២,៥​ជី​ហ្កា​វ៉ា​ត់​ដែលជា​ស្ថានីយ៍​វា​រី​អគ្គិសនី​ធំ​បំផុត​នៅលើ​ពិភពលោក​ស្ថិតនៅលើ​ដង​ទន្លេ​Yangtze​។ នៅក្នុង​ឆ្នាំ ២០២០ ទំនប់ Three Gorges បង្កើត​ថាមពលអគ្គីសនី​បាន​ចំនួន ១០៣,១​ប៊ី​លាន​គីឡូវ៉ាត់ម៉ោង​ដែល​បង្កើត​កំណត់ត្រា​ពិភពលោក​សម្រាប់​ការបង្កើត​ថាមពល​នៅ​ស្ថានីយ៍​វា​រី​អគ្គិសនី​តែមួយ​។​

​នៅពេល​ទទួល​បានការ​អនុញ្ញាតិ​ពេញលេញ ស្ថានីយ៍​វា​រី​អគ្គីសនី Baihetan នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូនឌីអុកស៊ីត​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​ចិន​បាន​ចំនួន ៥១,៦​លាន​តោន​៕ (​ប្រភព Sputnik បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង