លោក គីម មេដឹកនាំកូរ៉េខាងជើងអវត្តមានអស់រយៈពេលជិតមួយខែ ដែលជាការអវត្តមានយូរបំផុតនៅក្នុងឆ្នាំ២០២១
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង លោក Lee Jong-joo បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល ២៤ថ្ងៃចុងក្រោយនេះ ដែលជាការអវត្តមានដ៏យូរបំផុតរបស់លោកនៅក្នុងឆ្នាំនេះ។
យោងតាមទីក្រុងសេអ៊ូលបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងត្រូវបានគេឃើញជាសាធារណៈជាលើកចុងក្រោយកាលពីថ្ងៃទី ៦ ខែឧសភា នៅពេលដែលលោកបានធ្វើពិធីថតរូបជាមួយសមាជិកនៃក្រុមគ្រួសារយោធាបន្ទាប់ពីការសម្តែងសិល្បៈ។
លោក Lee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅពេលដែលត្រូវបានសួរអំពីការអវត្តមានរបស់លោក គីម ជុងអ៊ុន ថា «មិនមានរបាយការណ៍ណាមួយអំពីសកម្មភាពសាធារណៈរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទេក្នុងរយៈពេល ២៤ថ្ងៃកន្លងមកនេះដោយចាប់តាំងពីថ្ងៃទី ៦ ខែឧសភាមក… នេះ គឺជារយៈពេលវែងបំផុតដែលលោកមិនមានសកម្មភាពសាធារណៈនៅក្នុងឆ្នាំ»។ ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលហេតុដែលអាចកើតមានចំពោះអវត្តមានរបស់លោក គីម នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ម្តងហើយម្តងទៀតអំពីរយៈពេលដែលមេដឹកនាំកូរ៉េខាងជើងអវត្តមានពីសាធារណៈ។ ជាពិសេស ការអវត្តមានរយៈពេល ២០ថ្ងៃរបស់លោកកាលពីរដូវផ្ការីកចុងក្រោយដែលបានធ្វើឱ្យមានការសង្ស័យនៅទូទាំងពិភពលោកចំពោះសុខភាពរបស់លោក ដែលប្រព័ន្ធផ្សព្វផ្សាយនានាបានចោទប្រកាន់ថា លោកបានធ្វើការវះកាត់បេះដូង។ បន្ទាប់ពីនោះមក លោកមិនបានបង្ហាញខ្លួនជាសាធារណៈទេចាប់ពីថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំមុន៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល