កំណែទម្រង់ការបោះឆ្នោតនៅហុងកុងចូលជាធរមានជាផ្លូវការ
រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសថា ច្បាប់ថ្មីដែលណែនាំនូវការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធបោះឆ្នោតទីក្រុងហុងកុងបានចូលជាធរមានហើយកាលពីថ្ងៃច័ន្ទ។
កាលពីក្នុងខែមីនា សភាចិនបានអនុម័តផែនការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅទីក្រុងហុងកុងដែលបានផ្លាស់ប្តូរនីតិវិធីសម្រាប់ជ្រើសរើសប្រធានរដ្ឋបាលទីក្រុងនេះ និងបង្កើតស្ថាប័ននីតិប្បញ្ញត្តិ។ កាលពីសប្តាហ៍មុន វាត្រូវបានអនុម័តនៅក្នុងការពិភាក្សាលើកទី ៣ ដោយក្រុមនីតិប្បញ្ញត្តិទីក្រុងនេះ។
ការផ្លាស់ប្តូរនេះបានជំរុញឱ្យមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលជឿថា ច្បាប់នេះធ្វើឱ្យអន្តរាយដល់ឯករាជ្យភាពរបស់ទីក្រុងហុងកុង។ ចំណែកប្រទេសចិនវិញបានធ្វើការឆ្លើយតបជាលក្ខណៈស្តង់ដារម្តងហើយម្តងទៀតដោយនិយាយថា បញ្ហានេះ គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រព័ន្ធកែលម្អការបោះឆ្នោត (វិសោធនកម្មការរួបរួម) បទបញ្ញត្តិឆ្នាំ ២០២១ ត្រូវបានបោះពុម្ពផ្សាយនៅក្នុង gazette និងបានចូលជាធរមានកាលពីថ្ងៃច័ន្ទ»។ រដ្ឋាភិបាលបាននិយាយបន្ថែមថា ប្រព័ន្ធបោះឆ្នោតដែលមានភាពប្រសើរឡើងអាចធានាបានថា ទីក្រុងនេះត្រូវបានគ្រប់គ្រងដោយអ្នកស្នេហាជាតិ ក៏ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។
កំណែទម្រង់នេះតម្រូវឱ្យមានការពង្រីកអ្នកបោះឆ្នោតតំណាងពីចំនួនសមាជិក ១ ២០០នាក់ ទៅ ១ ៥០០នាក់ និងផ្តល់សិទ្ធិអំណាចមិនត្រឹមតែការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបោះឆ្នោតតែងតាំងសមាជិកសភា និងបោះឆ្នោតជ្រើសរើសសមាជិកសភាមួយចំនួនទៀតផង។ ចំនួនអាសនៈនៅក្នុងនីតិកាលនឹងត្រូវកើនឡើងពី ៧០ ដល់ ៩០អាសនៈ ដោយមាន ៤០អាសនៈត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតតំណាង ៣០អាសនៈកំណត់ដោយមណ្ឌលបោះឆ្នោតដែលមានមុខងារ និង ២០អាសនៈទៀតត្រូវបានបោះឆ្នោតដោយពលរដ្ឋ។ កំណែទម្រង់នេះក៏បង្កើតឱ្យមានគណៈកម្មការត្រួតពិនិត្យមួយផងដែរដើម្បីត្រួតពិនិត្យបេក្ខភាព និងធានាបានថា ពួកគេបំពេញបានតាមបទដ្ឋាននៃច្បាប់ជាមូលដ្ឋានរបស់ទីក្រុងហុងកុង និងច្បាប់សន្តិសុខជាតិថ្មី៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល