ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម ត្រូវបានប្រកាសឲ្យដំណើរការជាបណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត

ខេត្តព្រៃវែង ៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភានេះ បានក្នុងពិធីប្រកាសដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។ ពិធីនេះក៏មានការចូលរួមពីលោក សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ឱ្យដឹងថា ការដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

សូមបញ្ជា់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹង  ប៉ុស្តិ៍៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម៕

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង