វីរុសកំណាចកូវីដ-១៩បម្លែងថ្មី ដែលឆ្លងរាលដាលតាមខ្យល់អាកាសត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម
TNM(វៀតណាម) ៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា វីរុសកំណាចកូវីដ-១៩បម្លែងថ្មី ដែលឆ្លងរាលដាលតាមខ្យល់អាកាស ត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម ។ វីរុសនេះត្រូវបានគេជឿជាក់ថា ជាការបម្លែងចូលគ្នារវាងវីរុសបម្លែងខ្លួន ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងឥណ្ឌា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានមិយាយថា ព័ត៌មានអំពីវីរុសកូនកាត់នេះ ពិតជាមានគ្រោះថ្នាក់ណាស់។ លោកបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសវៀតណាម បានរកឃើញវីរុសបំប្លែងខ្លួនចំនួន៧ប្រភេទហើយ ដោយក្នុងនោះមានដូចជា B.1.222, B.1.619, D614G, B.1.1.7 ឬគេស្គាល់ថា ជាវីរុសអង់គ្លេស, B.1.351, A.23.1 និង B.1.617.2 ដែលគេស្គាល់ថា ជាវីរុសឥណ្ឌា។
ជាមួយគ្នានេះ លោកបានស្តីបន្ទោសថា ចំពោះវីរុសកូនកាត់ថ្មីនេះ សម្រាប់ការកើនឡើងនៃករណីឆ្លងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាមផងដែរ។ លោក Long ដែលនិយាយថា ក្នុងពេលឆាប់ៗ វីរុសបំប្លែងខ្លួនកូនកាត់នេះ នឹងត្រូវបានដាក់ឈ្មោះឲ្យ ហើយនឹងផ្តល់ព័ត៌មានលម្អិតអំពីវីរុសនេះ។
បើតាម លោក Long អះអាថា លទ្ធផលនៃមន្ទីរពិសោធន៍បានបង្ហាញថា វីរុសនេះអាចចម្លងបានកាន់តែសាហាវ ហើយវាចម្លងយ៉ាងឆាប់រហ័សតាមរយៈខ្យល់អាកាស។
សូមជម្រាបថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានកំណត់វីរុសបំប្លែងខ្លួនចំនួន៤ ថាជាមេរោគដែលត្រូវព្រួយបារម្ភ ក្នុងនោះមានវីរុសដែលមានដើមកំណើតនៅចក្រភពអង់គ្លេស ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង៕