ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការ៣ការពារ និង៣កុំ ប្រយុទ្ធជំងឺកូវីដ-១៩

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវប្រជាពលរដ្ឋទាំង អស់ ឱ្យបន្តចូលរួមអនុវត្តន៍តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិ បាល នូវវិធានការ ៣ការពារ និង៣កុំ ដើម្បីប្រយុទ្ធទប់ស្កាត់កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ- ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជាយើងនេះ។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវបានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ ទៅវេរប្រគេនដល់ព្រះសង្ឃនៅវត្ត វេឡុនោទ្យានារាម និងវត្តពោធិ៍តាបែន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាល ពីរសៀលថ្ងៃ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែឧសភា គ.ស២០២១ ។

នៅក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំ ការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលជានិច្ចកាលតែងតែគិតគូរ ពីជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់ និន្នាការនយោបាយឡើយ ដូចក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ-១៩រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងរកវ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ និងជួយដោះស្រាយរាល់ការលំបាក រួមទាំងស្បៀង អាហារ ជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋយើង ទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល បន្តថែរក្សាបាននូវសុខសន្តិភាព ដែលជាគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រហូតដល់សព្វថ្ងៃ នេះ។ ត្រូវបន្តរួមគ្នាអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ប្រឆាំងជំងឺកូវីដ-១៩ និងទិសស្លោកបីកុំ មួយរាយការណ៍ ប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព និងភាពសុខសាន្តក្នុង ក្រុមគ្រួសារ។ ត្រូវខិតខំប្រឹងប្រែងធ្វើការ បង្កបង្កើនផលកសិកម្មនារដូវវស្សានេះ ឱ្យអស់លទ្ធ ភាព និងទាន់ពេលវេលា ដើម្បីសម្រាប់បំពេញសេចក្តី ត្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ក្នុងកាលៈ ទេសៈដែលប្រទេសកម្ពុជា រួមគ្នាជាមួយពិភពលោកប្រឆាំងជំងឺកូវីដ-១៩នេះ។

សូមបញ្ជាក់ថា ទេយ្យទាន ទេយ្យវត្ថុ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ វេរប្រគេនព្រះសង្ឃនាឱកាសនោះមាន៖ អង្ករ១ តោន, ទឹកបរិសុទ្ធ២០កេស, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ត្រីខកំប៉ុង២០យួរ, ទឹកក្រូច២០ កេស និងមី២០កេស ។ ក្រៅពីនោះក៏មានអំណោយចែកជូនដល់ប្រជាពលរដ្ឋចូលរួម មួយចំនួនទៀតផង ៕

ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង