សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម គង់ វិបុល ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាព របស់ឧបាសិកា នង តាំងអ៉ីម ដែលជាម្តាយបង្កើតរបស់ឯកឧត្តម។

សារលិខិតរំលែកទុក្ខនោះមានខ្លឹមសារទាំងស្រុងថា«ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកា នង តាំងអ៉ីម ដែលត្រូវជាម្តាយរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឧបាសិកា នង តាំងអ៉ីម គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ដែលប្រកបដោយសង្គហធម៌ដ៏ល្អ និងព្រហ្មវិហារធម៌មិនចេះរីងស្ងួត។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា នង តាំងអ៉ីម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ ។ សូមឯកឧត្តម ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕

ដោយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង