មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជួរមុខ ដើម្បីទប់ស្កាត់ការលួចឆ្លងព្រំដែនកម្ពុជា-ថៃ និងបិទខ្ទប់តំបន់ក្រហម
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងជួរមុខ ត្រូវបន្តអនុវត្តន៍រឹតត្បិតតាមបណ្តាចំណុចឈរជើងតាមព្រំ ដែនកម្ពុជាថៃក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដោយសហការជាមួយកងកម្លាំងចម្រុះដើម្បី ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងការពារតំបន់ក្រហមក្នុងក្រុងប៉ោយប៉ែតប្រយុទ្ធទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀតនោះ។
ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចុះពិនិត្យមើលកម្លាំងជួរមុខដែល បាន និងកំពុងសហការជាមួយកងកម្លាំងចម្រុះឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាស្រ្តខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងកិច្ចការពារថែរក្សាបូរណភាពទឹកដីសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ និងអនុវត្តន៍តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ នាយ-ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានគោរព និងអនុវត្តន៍រាល់បទបញ្ជា សេចក្តីណែនាំ ដែលបានដាក់ចុះប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជូនជាតិមាតុភូមិ និងប្រជាជន។
លោកមេបញ្ជាការបានលើកឡើងថា កងកម្លាំងជួរមុខកងពលបានចេញបេសកកម្មប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ កូវីដ១៩ តាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ មានរយៈពេល១៥៤ថ្ងៃ មកហើយគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ដោយឈរជើងជាច្រើនចំណុចប្រតិបត្តិការល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង និងឃាត់ខ្លួនពលករលួចឆ្លងដែនដោយខុសច្បាប់ចេញ-ចូលទៅប្រទេសថៃសរុបចំនួន ១ ២០៤ នាក់ ស្រាវជ្រាវ និងឃាត់ខ្លួនមេខ្យល់សរុបបានចំនួន ១៥នាក់ បញ្ជូនឱ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ឱ្យដឹងទៀតថា ក្រៅពីភារកិច្ចឈរជើងនៅតាមបន្ទាត់ ព្រំដែនកម្លាំងមួយផ្នែកទៀតក៏បានអនុវត្តន៍ភារកិច្ចចូលរូមជាមួយកម្លាំងចម្រុះធ្វើការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត៕
ដោយ៖ ឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន