ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយពីម្ហូបអាហារខ្មែរដោយផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ការផ្សព្វផ្សាយនេះ ធ្វើឡើងខណៈប្រទេសមហាអនុតំបន់មេគង្គ រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ឱ្យចូលទស្សនានៅតាមប្រទេសនីមួយៗ។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ ក្រោមកិច្ចទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បាននិងកំពុងរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឡើងវិញ តាមរយៈផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍ ក្នុងគោលបំណងជំរុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងទេសចរណ៍ បានបង្កើត និងផ្សព្វផ្សាយវីដេអូស្តីពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល។ បើតាមការឱ្យដឹងពីលោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រទេសសមាជិកមហាអនុតំបន់មេគង្គ បានគាំទ្រកម្ពុជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍។ ជាមួយគ្នានេះ ក៏បានបង្ហាញពីឆន្ទៈ ក្នុងការទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញ របស់ប្រទេសនីមួយៗ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រំពឹងថា ការជំរុញឱ្យប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់ និងពិភពលោកទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានទាំងអស់គ្នា នឹងអាចធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងជំរុញលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ឱ្យបាននៅត្រឹមត្រីមាសទី៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ បន្ទាប់ពីធ្លាក់ចុះដល់៨០ភាគរយ ដោយបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល រំពឹងថា វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥៕







