លោក បៃដិន ស្នើថវិកាចំនួន ៦ទ្រីលានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២ ដែលជាឱនភាពខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានញូវយ៉កថែមស៍បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងស្នើថវិកានៅថ្ងៃសុក្រនេះនូវថវិកាចំនួន ៦ទ្រីលានដុល្លារអាម៉េរិក ដែលនឹងនាំសហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតនៃការចំណាយរបស់សហព័ន្ធចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។
ការរាយការណ៍នោះបាននិយាយថា ខណៈដែលលោកប្រធានាធិបតីនឹងអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធឱ្យចំណាយថវិកាចំនួន ៦ទ្រីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំសារពើពន្ធ ២០២២ នោះការចំណាយសរុបនឹងកើនឡើងដល់ ៨,២ទ្រីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ ២០៣១ ។
ការរាយការណ៍នោះបាននិយាយថា ថវិកានេះនឹងចំណាយទៅលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស និងពង្រីកបណ្តាញសុវត្ថិភាពសង្គម ហើយនឹងរួមបញ្ចូលទាំងការបង្កើនការចំណាយតាមការគ្រោងទុកផងដែរ។
យោងតាមការរាយការណ៍នោះបានឱ្យដឹងថា សំណើនេះរួមបញ្ចូលទាំងការបង្កើនថវិកាសម្រាប់វិស័យការពារជាតិផងដែរ បើទោះបីជាការចំណាយក្នុងប្រភេទនេះនឹងធ្លាក់ចុះជាចំណែកនៃសេដ្ឋកិច្ចក៏ដោយ។
សារព័ត៌មាននោះបាននិយាយថា សំណើនេះបង្ហាញអំពីមហិច្ឆតារបស់លោក បៃដិន ដើម្បីប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលក្នុងការជួយប្រជាជនអាមេរិកកាន់តែច្រើនទទួលបាននូវភាពសុខស្រួលនៃជីវិតវណ្ណៈកណ្តាល និងដើម្បីលើកស្ទួយឧស្សាហកម្មអាមេរិកឱ្យប្រកួតប្រជែងគ្នាបានល្អប្រសើរជាសកលនៅក្នុងសេដ្ឋកិច្ច ដែលរដ្ឋបាលរបស់លោកជឿជាក់ថា នឹងត្រូវបានត្រួតត្រាដោយការប្រណាំងប្រជែងដើម្បីកាត់បន្ថយការបំភាយថាមពល៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល