ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគ១លានដុល្លារជូនកាកបាទក្រហមកម្ពុជា សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងពិការ
ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា១លានដុល្លារសហរដ្ឋអាមេរិកជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៧ ឧសភា ២០២១ សម្រាប់សាងសង់លំនៅឋានជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាមានប្រសាសន៍ដា៖ «នេះគឺការរួមចំណែកដ៏វិសេសវិសាលរបស់ជីប ម៉ុង ជាពិសេសសម្រាប់លើកស្ទួយដល់អតីតយុទ្ធជនក្រីក្រ និងមានពិការភាពដែលជាអ្នកងាយរងគ្រោះបំផុត»។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ « ជីប ម៉ុង តែងតែរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជាលើ សកម្មភាពមនុស្សធម៌។តួយ៉ាងថ្ងៃនេះ ជីប ម៉ុង បានបរិច្ចាគ១លានដុល្លាចូលរួមជាមួយកាកបាទក្រហមកម្ពជាសាងសង់លំនៅឋានជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាពដែលបានលះបង់យ៉ាងធំធេងការពារបូរណភាពទឹកដី»។

គួរបញ្ជាក់ថាកាលពីថ្ងៃទី៥ ឧសភា ២០២១ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា៥៣ម៉ឺនដុល្លារអាមេរិកជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភថវិកាចំនួន៧៣ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិផងដែរ៕








សម្រួលផ្សាយ៖ កន ចំណាន