ប្រទេសចិន និងរុស្ស៊ីកំពុងសំឡឹងមើលដំណោះស្រាយចំពោះភាពវឹកវរពិភពលោក ស្រពពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញ
ប្រទេសចិន និងរុស្ស៊ីបានធ្វើកិច្ចពិគ្រោះយោបល់មួយ ស្តីពីសន្តិសុខជាយុទ្ធសាស្ត្រថ្មីកាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ ហើយក្នុងអំឡុងពេលមានអន្តរកម្មជាញឹកញាប់រវាងមហាអំណាចទាំងពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពិភពលោកបានបង្ហាញអំពីនិន្នាការគ្រោះថ្នាក់នៃភាពច្របូកច្របល់ ឬភាពតានតឹងនៅក្នុងតំបន់មួយចំនួន រួមទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុបខាងកើត អាស៊ីកណ្តាល និងប៉ាស៊ីហ្វិកខាងលិចផងដែរ ដោយសារការផ្លាស់ប្តូរយុទ្ធសាស្ត្រសកលលោកដែលបង្កឡើងដោយសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគចិនបាននិយាយថា ការផ្លាស់ប្តូរថ្មីៗនេះជាទូទៅបណ្តាលមកពីការធ្លាក់ចុះនៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក ហើយមិនត្រឹមតែសម្ពាធ និងអរិភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេដែលជំរុញឱ្យចិន និងរុស្ស៊ីឈរកាន់តែជិតគ្នានោះ ប៉ុន្តែការធ្លាក់ចុះនៃកម្លាំង និងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់ខ្លះក៏នឹងធ្វើឱ្យទីក្រុងប៉េកាំង និងមូស្គូធ្វើការពិចារណាអំពីវិធីដោះស្រាយបទបញ្ជាថ្មីក្នុងតំបន់ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាព និងការពារផលប្រយោជន៍របស់ពួកគេផងដែរបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញ។
អ្នកការទូតកំពូលចិន លោក Yang Jiechi និងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រលើកទី ១៦ កាលពីថ្ងៃអង្គារ ដែលជាកិច្ចប្រជុំកម្រិតខ្ពស់ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការប្រឈមមុខទាំងការគំរាមកំហែងសន្តិសុខ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងក្នុងពិភពលោក។
លោក Yang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មការមជ្ឈិម CPC បានផ្ញើសារពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងសន្និសីទតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារនោះ ដែលបានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគីរវាងចិន និងរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីបានបន្ទរសារនេះដោយសង្ឃឹមថា លោក Yang បានសួរសុខទុក្ខរបស់លោកចំពោះលោក ស៊ី ហើយមេដឹកនាំកំពូលទាំងពីរនឹងរក្សាការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល