ប្រទេសចិនច្រានចោលការហៅទូរស័ព្ទម្តងហើយម្តងទៀតពីរដ្ឋមន្រ្តីការពារសហរដ្ឋអាមេរិក ជុំវិញការរំលោភបំពានទៅលើពិធីសារការទូត
សារព័ត៌មាន South China Morning Post បាននិយាយដោយដកស្រង់ពីប្រភពយោធាថា ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតក្នុងការទទួលការហៅទូរស័ព្ទពីរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដែលបានស្នើសុំមិននិយាយជាមួយសមភាគីចិនរបស់លោក គឺលោក Wei Fenghe ប៉ុន្តែចង់និយាយជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់ ចំពោះការរំលោភបំពានទោលើពិធីសារការទូត។
យោងតាមប្រភពនោះបានឱ្យដឹងថា ការស្នើសុំរបស់មន្ត្រីសហរដ្ឋអាមេរិកនោះបានបង្កឱ្យមានការយល់ច្រឡំមួយនៅពេលដែលលោកបានព្យាយាមនិយាយជាមួយអនុប្រធានគណៈកម្មការមជ្ឈឹមយោធារបស់ចិន (CMC) លោក Xu Qiliang ដែលបានធ្វើឱ្យក្រសួងការពារជាតិចិនមានការអាក់អន់ចិត្ត។
យោងតាមការរាយការណ៍នោះបានឱ្យដឹងថា តាមការរាយការណ៍ដោយផ្ទាល់ពីអនុប្រធាន CMC និងរដ្ឋមន្ត្រីការពារជាតិទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងយោងតាមពិធីសារការទូត លោក Wei Fenghe គួរតែធ្វើជាដៃគូសន្ទនាជាមួយប្រធានមន្ទីរប៉ង់តាហ្គោន។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិនៅតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយប្រមុខយោធាចិន។
ទោះជាយ៉ាងណា អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបានបដិសេធមិននិយាយលម្អិតបន្ថែមទៀតអំពីបញ្ហានេះ ឬការអត្ថាធិប្បាយទៅលើការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនដែលបាននិយាយថា ទីក្រុងប៉េកាំងបានបញ្ជូនសញ្ញាមិត្តភាពទៅលោក Austin ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកមិនដែលឆ្លើយតបទេ ហើយក្រោយមកបានស្នើសុំជួបជាមួយមេដឹកនាំផ្សេងទៀតរបស់ CMC ដែលជាទង្វើមួយដែលមិនគោរពចំពោះពិធីសារការទូត៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល