ប្រជាពលរដ្ឋចំនួន ៦៦គ្រួសារ រស់នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ និងអាជ្ញាធរ
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ព្រះគ្រូរតនានុល័ក្ខ អ៊ី កុសល ព្រះរាជាគណៈថ្នាក់កិតិ្តយសទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី ព្រមទាំងគណៈកម្មការវត្ត ដោយមានការចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៩ និងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពឃុំពានី ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ ដែលមានការពាក់ព័ន្ធនឹងកម្មកររោងចក្រ និងអ្នកធ្វើការផ្ទាល់នៅរោងចក្រ ហឹរ៉ាយហ្សិន, រោងចក្រ ខេនស្ពត និងរោងចក្រ តឹកហ្វុក ចំនួន ៦៦គ្រួសារ។

ក្នុងឱកាសនៃការចុះចែកសម្ភារនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០គីឡូក្រាម, មី១០កញ្ចប់, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ទឹកត្រី១ដប, ទឹកសីុអីុវ២ដប, ភេសជ្ជះ២កំប៉ុង, ទឹកដោះគោ១កំប៉ុង, ត្រីខ២កំប៉ុង, ស្កសរ១កញ្ចប់, ថ្នាំពេទ្យ១ប្រអប់ សរុបថវិកាចំណាយមានចំនួន ៣,២៦៨,០០០រៀល ៕




ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, សម្រួលផ្សាយ៖ កន ចំណាន