ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌដែលមានផ្ទុះជំងឺកូវីដ-១៩ថ្មី ត្រូវពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើការទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ ដែលមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) ត្រូវអនុវត្តន៍ការងារ លើកិច្ចការពារឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ហើយបើមានបញ្ហាអ្វីដែលហូសពីដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរខណ្ឌត្រូវធ្វើទំនាក់ទំនង ឬស្នើសុំភ្លាមៗមកអាជ្ញាធររាជធានីភ្នំពេញ ឬមកក្រសួងសុខាភិបាល ដើម្បីយើងមានវិធានការបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាកុំឱ្យជំងឺនេះពង្រីកខ្លួន ឬចម្លងពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះនារសៀលថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារមូលដ្ឋាន ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ក្នុងកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌទាំងបីនេះ បាននិងកំពុងផ្ទុះឡើងជាថ្មី ជំងឺកូវីដ-១៩។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះមានរយៈពេលជាង ៣ខែហើយ យើងក៏មានបទពិសោ ធន៍ច្រើនហើយដែរ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺនេះ កុំឱ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង៣ ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឱ្យបានច្បាស់លាស់ បើមានចំណុចណាមួយដែលជាចំណុចខ្វះខាត ដែលខណ្ឌមិនអាចបំពេញបន្ថែមបាន អាជ្ញាធរ ខណ្ឌត្រូវរាយការណ៍ និងសុំជំនួយពីអាជ្ញាធររាជធានី ឬក្រសួងសុខាភិបាលភ្លាម ។ អ្វីដែលយើងចង់បានពេលនេះ គឺការផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅទីតាំងមួយទៀត ។

ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌបន្តវិធានការ នៃការបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួនដែលអាជ្ញាធរគិតថា ជាតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញជឿជាក់ថា ការបាញ់ថ្នាំសម្លាប់ មេរោគ គឺជាវិធានការដែលមានប្រសិទ្ធភាព និងគួរឱ្យជឿទុកចិត្តបាន។

ឯកឧត្ដម អភិបាលរាជធានី បានបញ្ជាក់ថា ទីតាំងតំបន់លឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ត្រូវតែគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ-ចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ៕

ដោយសួស សំរិត, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង