ប្រទេសថៃព្រមានអំពីការកើនឡើងនៃភាពអត់ការងារធ្វើដោយសារជំងឺកូវីដ-១៩

​ក្រុមប្រឹក្សា​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ (NESDC) របស់​ប្រទេស​ថៃ​បាន​ព្រមាន​ថា ភាព​អត់​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ទំនងជា​នឹង​កើនឡើង​នៅក្នុង​ឆ្នាំនេះ​ដោយសារតែ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​ត្រូវបាន​ទទួល​ពីរ​លក​ទី ៣ នៃ​ការផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

​លោក Danucha Pichayanan អគ្គលេខាធិការ NESDC បាន​និយាយថា រលក​ទី ៣ នៃ​ការផ្ទុះ​ការ​រាលដាល​ជំងឺ​រាតត្បាត​នេះ​ទំនងជា​ការអូសបន្លាយ​ពេល​យូរ និង​រារាំង​សេដ្ឋកិច្ច​មិនឱ្យ​ឈានដល់​គោលដៅ​របស់ខ្លួន​ដោយសារតែ​សកម្មភាព​មានការ​ធ្លាក់ចុះ​។​

​លោក Danucha បាន​និយាយថា «​កម្មករ​នៅក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម (MSMEs) អាច​ជួបប្រទះ​នូវ​ការបាត់បង់​ការងារ​ច្រើន​បំផុត ឬ​ត្រូវបាន​កាត់បន្ថយ​ម៉ោង​ធ្វើការ​ដោយសារ​អាជីវកម្ម​ទាំងនេះ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ចាប់តាំងពី​ឆ្នាំមុន​មក​។ ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ក្រុមហ៊ុន MSMEs បាន​ធ្លាក់ចុះ ៩,១​ភាគរយ​។ ប្រសិនបើ​ការផ្ទុះ​ឡើង​នេះ​មិន​ត្រូវបាន​ទប់ស្កាត់​យ៉ាង​ឆាប់រហ័ស​ទេនោះ អាជីវកម្ម​ទាំងនេះ​អាច​នឹង​មិនអាច​បន្ត​ប្រតិបត្តិការ​បានទេ ដែល​បណ្តាលឱ្យ​មានការ​បញ្ឈប់​និយោជិត​ជា​អចិន្ត្រៃយ៍ និង​ពន្យារពេល​ការ​ស្តារឡើងវិញ​»​។​

​លោក​បានលើកឡើង​អំពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទីផ្សារ​ទេសចរណ៍​នៃ TAT ដោយ​ព្យាករ​ថា វិស័យ​ទេសចរណ៍​ទំនងជា​នឹង​វិល​មករក​ភាពប្រក្រតី​វិញ​នៅក្នុង​ឆ្នាំ ២០២៦ ។ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ នឹង​ពន្យា​ពេល​នៃ​ការបន្ត​សេវាកម្ម​ទេសចរណ៍​ធម្ម​តា​ឡើងវិញ ហើយ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​បុគ្គលិក​ទេសចរណ៍​ជាង ៧​លាន​នាក់​។ ប្រសិនបើ​និយោជិត​ត្រូវបាន​បញ្ឈប់​ពី​ការងារ ពួកគេ​នឹងមិន​អាច​វិលត្រឡប់​ទៅធ្វើ​ការ​ក្នុង​វិស័យ​ដូចគ្នា​នោះបានទេ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​អាជីព​របស់​ពួកគេ​ទាំងអស់គ្នា​។​

​លោក​ក៏បាន​ព្រមាន​ផងដែរ​ថា ប្រហែលជា​មិនមាន​ការផ្តល់​ការងារ​គ្រប់គ្រាន់​សម្រាប់​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​នោះទេ​។ ជាមួយនឹង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​ក្នុង​អត្រា​ទាប​ជាង​ការរំពឹងទុក​នេះ បណ្តា​សហគ្រិន​នឹង​ពន្យារពេល​ជួល​បុគ្គលិក​ថ្មី ហើយ​នេះ​នឹង​ប៉ះពាល់​ដល់​និស្សិត​ដែល​ទើបនឹង​បញ្ចប់​ការសិក្សា​ថ្មី​ចំនួន ៤៩០ ០០០​នាក់​។ ទន្ទឹមនឹង​នេះដែរ កម្មវិធី​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា និង​និយោជិត​នៅក្រោម​ក្រឹត្យ​ប្រាក់កម្ចី​កាលពី​ឆ្នាំមុន ដែលមាន​រយៈពេល​ការងារ ១២​ខែ​កំពុង​ឈានដល់​ទីបញ្ចប់ ហើយ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​និយោជិត​ប្រមាណ ១៤០ ០០០​នាក់​។​

​ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣ ២២៦​នាក់ ដោយមាន​អ្នកស្លាប់​បន្ថែមចំនួន ២៦​នាក់​ទៀត​កាលពី​ថ្ងៃទី ២៥ ខែឧសភា ដែល​ធ្វើឱ្យ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​នៅក្នុង​ប្រទេស​ថៃ​មាន ១៣៥ ៤៣៩​នាក់ និង​ស្លាប់​សរុប ៨៣២​នាក់​។ ចំនួន​អ្នកជំងឺ​ដែល​បាន​កត់ត្រា​នៅក្នុង​រលក​ទី ៣ នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ១០៦ ៥៧៦​នាក់ និង​មាន​អ្នកស្លាប់ ៧៣៨​នាក់​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង