កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន – សហរដ្ឋអាមេរិកត្រូវបានពន្យាពេលដោយសារហេតុផលបច្ចេកទេស
យោងតាមប្រភពព័ត៌មានរបស់អាស៊ានបានឱ្យដឹងថា កិច្ចប្រជុំនិម្មិតរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលគ្រោងធ្វើកាលពីថ្ងៃទី ២៥ ខែឧសភា ត្រូវបានពន្យារពេលដោយសារហេតុផលបច្ចេកទេស។
កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០ បានត្រៀមរៀបចំកិច្ចប្រជុំលើកដំបូងជាមួយសមភាគីសហរដ្ឋអាមេរិករបស់ពួកគេ គឺលោក Antony Blinken ដែលស្ថិតនៅមជ្ឈឹមបូព៌ាដើម្បីធានានូវការអនុវត្តបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងចលនាតស៊ូប្រឆាំងអ៊ីស្លាមហាម៉ាស។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធទំនាក់ទំនងនៅលើជើងហោះហើររបស់លោក Blinken មានកំហុសឆ្គង ដូច្នេះភាគីទាំងពីរមិនអាចរៀបចំកិច្ចប្រជុំបានទេ។ ពេលវេលាសម្រាប់កិច្ចប្រជុំសារជាថ្មីមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមមានបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាអន្តរជាតិដទៃទៀត៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល