អាជ្ញាធររាជធានីភ្នំពេញសហការជាមួយក្រុមការងារកងទ័ពសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2021 86 ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងអតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ ដើម្បីការពារសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព ខណៈដែលអាជ្ញាធររាជធានីភ្នំពេញចាក់ជូនប្រជាពលរដ្ឋបានប្រមាណជាង៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ឧសភាឆ្នាំ ២០២១ ។ ជាគម្រោង រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។ ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យ បានធ្វើការចាក់ វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែល មានរហូតដល់២០ទីតាំង ។ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧មិថុនាឆ្នាំ២០២១ ដែលមានចំនួន ២០ ទីតាំងដូចគ្នា។ នៅគ្រប់ទីតាំងនៃការចាក់វ៉ាក់សាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបាន ណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ។ ត្រូវប្រកាន់ខ្ជាប់ ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និង វិធានការ «៣ ការពារ និង ៣ កុំ » របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និង អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នា ជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង « ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅ រាជធានីភ្នំពេញឲ្យបានឆាប់ៗនាពេលខាងមុខនេះ ។ គួរបញ្ជាក់ថា ៖អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យ សម្រុកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅតំបន់នោះ បានចំនួន៧៦ម៉ឺននាក់ហើយ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌដង្កោ ដោយគិតត្រឹមថ្ងៃ២៣ឧសភា។ ដោយឡែកសម្រាប់ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅមុខរោងចក្រសាំ ហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងនេះបានទទួលការកោតសរសើរពីអាជ្ញាធររាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ឧសភា ដោយទីតាំងនេះបានរៀបចំ ទាំងមាន សណ្តាប់ធ្នាប់ មានរបៀបរៀបរយ ជាមួយនិងរក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរបានយ៉ាងល្អ ចំពោះបងប្អូន ប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ ៕ 86 ចែករំលែក