សម្តេចតេជោ ផ្ញើសារលិខិតអបអរសាទ ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២១ ដើម្បីរួមគ្នាការពារឧត្តមប្រយោជន៍របស់កុមារ
TNM(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាស ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ដើម្បីរួមគ្នាការពារលើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារ ។ សម្តេចតេជោ បានមានប្រសាសន៍ក្នុងសារលិខិតនេះថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងបានរៀបចំប្រារព្ធមិទ្ទីង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំនេះ គឺជាខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនានិងទិវាកុមារកម្ពុជា ឆ្នាំ២០២១។ សម្ដេចបានបន្តថា បច្ចុប្បន្ន សកលលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង បានជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ជាហេតុមិនអាចឲ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទីងដូចសព្វមួយដងបាន។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្តេចតេជោបានសម្ដែង នូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេស អស់ពី ដួងចិត្ត។ បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាអាក់ខាន មិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឲ្យបានអធិកអធមយ៉ាងណាក្តី ក៏កន្លងមកយើងបានអនុវត្តនូវការងារយុទ្ធសាស្រ្តមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តន៍សិទ្ធិកុមារអនុលោមតាមអនុសញ្ញា ស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននិងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន។ ជាមួយគ្នានោះផងដែរ ដើម្បីចូលរួមអបអរសាទរ ក្នុងទិវានេះ ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលកំពុងបំពេញបេសកកម្ម លើវិស័យកុមារនឹងចុះសួរសុខទុក្ខក្មួយៗ ចៅៗនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះនិងងាយរងគ្រោះ ព្រមទាំងកុមារនៅតាមសហគមន៍ផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារនិងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឲ្យ សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ៕