អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ចំនួន២៦៥គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃពុធទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចុះចែកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយឧបត្ថម្ភបន្ថែមពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និង លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ២៦៥គ្រួសារ លើ៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ លើ៣ទីតាំង រៀបចំដោយគោរពតាមវិធានសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុល ។
អំណោយរួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។
ជាមួយគ្នានោះ ឯកឧត្តម សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
អត្ថបទដែលជាប់ទាក់ទង