ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី
ដោយសារអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនិងកត្តាផ្សេងៗទៀត បានធ្វើឲ្យប្រាសាទដ៏ អស្ចារ្យមួយនេះទទួលរងនូវការខូចខាតនិងមានសភាពឌ្រុតទ្រោមយ៉ាងខ្លាំង។ ដើម្បីសង្រ្គោះប្រាសាទនេះ ឲ្យរួចផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ទុលទ្រ នៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។
បច្ចុប្បន្ននេះ ក្រុមក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងបន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង ។ បើតាមការបញ្ជាក់របស់លោក សារ៉ាយ គឹមហួល ជាមន្រ្តីបច្ចេកទេសនិងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្សប្រាសាទបន្ទាយស្រីបានឲ្យដឹងថា៖ ផ្លូវចូលប្រាសាទពីខាងកើតនេះមានប្រវែង ៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។ ការជួសជុលនេះគឺយើងធ្វើទៅតាមបច្ចេកទេសបុរាណទាំងអស់។ ចំពោះថ្មដែលបាត់បង បែកបាក និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀនថ្មីមកជំនួសទេ គឺប្រើប្រាស់កំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណរួមមាន កំបោរលៀស ម្សៅអិដ្ឋ ម្សៅថ្មបាយក្រៀមម៉ត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្កត្នោត មកបំពេញជំនួសថ្មបាយក្រៀមដែលបានបាត់ឬខូច ធ្វើយ៉ាងណាឲ្យមានលក្ខណះស្រដៀងថ្មបាយក្រៀម។ មកដល់ពេលនេះក្រុមការងារបានធ្វើការជួសជុលបានជិត៥០% ភាគរយហើយ។
គួរបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយស្រីដែលមានឈ្មោះដើម ស្រីត្រីភូវណ្ណមហេស្វារៈ នេះត្រូវបានចាប់ផ្តើមសាងឡើងដោយព្រះរាជគ្រូព្រាហ្មណ៏ម្នាក់ឈ្មោះថា យជ្នវរហៈ នាអំឡុងសតវត្សរ៏ទី១០ក្រោមរាជ្ជកាលរបស់ព្រះបាទ រាជឥន្រ្ទវរ្ម័នទី២(រវាង គ.ស ឆ្នាំ៩៤៤ដល់៩៦៨ )និងកសាង រួចរាល់ ជាស្ថាពរនៅក្រោមរាជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(គ.សឆ្នាំ៩៦៨-១០០១)ដើម្បីឧទ្ទិសដល់ព្រះសិវៈ។
ប្រភព: អាជ្ញាធរជាតិអប្សរា






