ប្រទេសរុស្ស៊ី និងអាហ្សង់ទីនកំពុងសម្លឹងមើលការរៀបចំផលិតកម្មវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសអាហ្សង់ទីន

​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា ប្រទេស​រុស្ស៊ី និង​អា​ហ្ស​ង់​ទីន កំពុង​សំឡឹងមើល​ការរៀបចំ​ការផលិត​វ៉ា​ក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ Sputnik V នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​ ​លោក​បាន​និយាយថា «​យើង​ភ្ជាប់​សារៈសំខាន់​កាន់តែ​ធំធេង​ចំពោះ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​អា​ហ្ស​ង់​ទីន​។ យើង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន លោក Alberto Fernandez ។ យើង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​សម្របសម្រួល​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​នយោបាយ និង​ការពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​នៅក្នុង​វិស័យសេដ្ឋកិច្ច​»​។​

​មេដឹកនាំ​រុស្ស៊ី​បាន​រំលឹកថា ប្រទេស​អា​ហ្ស​ង់​ទីន គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាមេរិក​ឡាទីន​ដែល​បាន​ចុះបញ្ជី​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​ហើយ​ចាប់ផ្តើម​ប្រើប្រាស់​វា​។ លោក​បាន​និយាយថា ការផ្គត់ផ្គង់​វ៉ាក់សាំង​ជា​ទៀងទាត់​ទៅ​អា​ហ្ស​ង់​ទីន​ត្រូវបាន​រៀបចំឡើង​។ គំនិត​នៃ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​ផលិតកម្ម​វ៉ាក់សាំង​នៅក្នុង​ទឹកដី​អា​ហ្ស​ង់​ទីន​កំពុង​ត្រូវបាន​ពិភាក្សា​៕ (​ប្រភព TASS បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង