សហរដ្ឋអាមេរិកស្វែងរកការបញ្ចប់អំពើហឹង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឱ្យបានឆាប់តាមដែល​អាចធ្វើទៅបាន

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​បញ្ជាក់ថា គោលដៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​បញ្ឈប់​អំពើ​ហឹ​ង្សា​ដែល​កំពុង​កើតមានឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ឱ្យបាន​លឿន​បំផុត​។ អ្នកការទូត​សហរដ្ឋអាមេរិក​កំពូល​រូបនេះ​បាន​និយាយ​បន្ថែមថា លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ភាពចាំបាច់​នៃ​ការបញ្ចប់​អំពើហិង្សា​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ដៃគូ​របស់លោក​មកពី​អ៊ីស្រាអែល អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហ្ស៊​កដា​នី ទុយ​នេ​ស៊ី ម៉ា​រ៉ុ​ក បា​រ៉ែ​ន និង​សហភាព​អឺរ៉ុប​។​

​ ​លោក Blinken នៅពេល​មុននេះ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​កំពុងធ្វើការ​នៅ​ពីក្រោយ​ឆាក​ដើម្បី​បញ្ចប់​អំពើហិង្សា​ដែល​បាន​ផ្ទុះឡើង​រវាង​ភាគី​ទាំងពីរ​កាលពី​ថ្ងៃទី ១០ ឧសភា នៅពេលដែល​ក្រុម​ហា​ម៉ាស​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រាប់រយ​គ្រាប់​នៅលើ​ទីក្រុង​នានា​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល និង​ទីក្រុង Tel Aviv ។​

​ ​រដ្ឋមន្ត្រី​រូបនេះ​បាន​អត្ថាធិប្បាយ​អំពី​ការទប់ស្កាត់​ម្តង​ហើយ​ម្តងទៀត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នាពេល​ថ្មីៗ​នេះ ស្តីពី​អំពើ​ហឹ​ង្សា​រវាង​អ៊ីស្រាអែល – ប៉ា​ឡេ​ស្ទី​ន ដោយ​អះអាងថា​សហរដ្ឋអាមេរិក​មិនដែល​រារាំង​ដល់​កិច្ចការងារ​ការទូត​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​កំពុងធ្វើការ​យ៉ាងសកម្ម​នៅក្នុង​វិស័យនេះ​។​

​ ​ដំណោះស្រាយ​ចុងក្រោយ​ដែល​សហរដ្ឋអាមេរិក​បាន​បិទ​កាលពី​ថ្ងៃទី ១៧ ខែឧសភា បាន​ថ្កោលទោស​ការឆ្លើយតប​ផ្នែក​យោធា​របស់​អ៊ីស្រាអែល​ចំពោះ​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា និង​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​មួយ​។​

​អ្នកការទូត​កំពូល​រូបនេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា សហរដ្ឋអាមេរិក​បាន​ទទួល​ព័ត៌មាន​ថ្មី​អំពី​ការវាយប្រហារ​របស់ IDF ទៅលើ​អគារ​ពហុ​ជាន់​មួយ​នៅ​ហ្គា​ហ្សា​ដែលមាន​ការិយាល័យ​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន រួមទាំង​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ដូចជា​សារព័ត៌មាន Associated Press និង Al Jazeera ផងដែរ​។​

​លោក Blinken បា​និយាយថា «​វា​ជាការ​យល់ឃើញ​របស់ខ្ញុំ ដែល​យើង​បានទទួល​ព័ត៌មាន​បន្ថែម​តាមរយៈ​បណ្តាញ​ស៊ើបការណ៍ ហើយ​វា​មិនមែនជា​អ្វីដែល​ខ្ញុំ​អាច​អត្ថាធិប្បាយ​បាន​នោះទេ​»៕ (​ប្រភព Sputnik បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង