ប្រទេសចិនស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាផ្ទៃក្នុងនៃប្រទេសអាហ្វហ្គានីស្ថាន

​ក្រសួងការបរទេស​ចិន​បាន​ជូនដំណឹង​ថា រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅក្នុង​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Hamdullah Mohib បានស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចពិភាក្សា​ផ្ទៃក្នុង​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ប្រទេស​ចិន​។​

​ក្រសួង​នោះបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ភាគី​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សម្រួល​ដល់​កិច្ចចរចា​អន្ត​រអា​ហ្វ​ហ្គា​នី​ស្ថាន រួមទាំង​ការបង្កើត​លក្ខខណ្ឌ​សម្រាប់ធ្វើ​កិច្ចចរចា​នៅក្នុង​ប្រទេស​ចិន​ផងដែរ​»​។​

​យោងតាម​លោក វ៉ាង យី បានឱ្យដឹងថា សេចក្តីសម្រេច​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុង​ការដក​កម្លាំង​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បង្កើត​ភាពមិនច្បាស់លាស់​នូវ​ស្ថានភាព​នៅក្នុង​ប្រទេស​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​និយាយថា «​ទោះជា​យ៉ាងណាក៏ដោយ សន្តិភាព គឺជា​និន្នាការ​ទូទៅ​មួយ​ដែល​ត្រូវ​នឹង​ផលប្រយោជន៍​មូលដ្ឋាន និង​រយៈពេល​វែង​រប​ស់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយក៏​ជា​សេចក្តីប្រាថ្នា​រួម​របស់​សហគមន៍​អន្តរជាតិ​ទាំងមូល​ផងដែរ​»​។​

​ជម្លោះ​ប្រដាប់អាវុធ​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ពួក​តា​លី​បង់​នៅតែ​បន្ត បើទោះបីជា​កិច្ចចរចា​សន្តិភាព​កំពុងតែបន្ត​ដំណើរការ​ក៏ដោយ​។ ការប្រឈមមុខ​ដាក់គ្នា​បានកើត​ឡើង​ចំពេល​ដែលមាន​ការដក​កងទ័ព​បរទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​រំពឹងថា​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១១ ខែកញ្ញា​ខាងមុខ​៕ (​ប្រភព Sputnik បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង