ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ កងយោធពលខេមរភូមិន្ទ ប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយកងទ័ពអាវស
TNM(ភ្នំពេញ) ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយកងទ័ពអាវស ដោយបានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ខែ ឧសភា នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការពង្រឹងកិច្ចសហការ តាមរយៈកងយោធពលខេមរភូមិន្ទ ឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវសនេះ ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ យើង ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវ ដែលកំពុងផ្ទុះខ្លំាងក្នុងសហគមន៍។ កងយោធពលខេមរភូមិន្ទ បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ”។ ក្រុមអ្នកតាមដានផ្នែកសង្គមបានមើលឃើញថា កម្លាំងកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិ នៃការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះដូចជា៖ ចូលរួមយកសំណាករកកូវីដ-១៩ ព្យាបាលអ្នកកូវីដ ចាក់វ៉ាក់សាំង ដឹកវ៉ាក់សាំង ការពារថែរក្សា សន្ដិសុខ សុវត្ថិភាព ពិសេសការចូលរួមដឹកជញ្ជូនសម្ភារ ស្បៀងអាហារ ចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ ជាដើម។ សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ2021 នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២២,៨៨៩ នាក់ ខណ:អ្នកជាសះ ស្បើយ ចំនួន ១៤,៣៤៣នាក់ និងអ្នកស្លាប់ចំនួន១៥៦នាក់៕