ឯកអគ្គរដ្ឋទូតអាម៉េរិក៖ សហរដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែងរបស់កម្ពុជានិងរដ្ឋសមាជិក អាស៊ានដទៃទៀត ក្នុងការលើកកម្ពស់ស្ថាប័នប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងតំបន់
ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា សហ រដ្ឋអាមេរិក គាំទ្រនូវកិច្ចប្រឹងប្រែងរបស់កម្ពុជា និងរដ្ឋសមាជិកសមាគមអាស៊ានដទៃទៀត ក្នុងការលើកកម្ពស់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋនៅក្នុងតំបន់ រួម ទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ការគូសបញ្ជាក់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូតនេះ ក្នុង ឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ នៅទីស្ដីការក្រសួងការបរទេស។ នេះបើយោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្ដម ឯកអគ្គរដ្ឋរដ្ឋទូត W. Patrick Murphy បានលើកឡើងថា អស្ថិរភាព ដែលបង្កើតនូវរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា បានប៉ះពាល់ដល់តំបន់ទាំងមូល ហើយប្រទេសក្នុងអាស៊ាន ដើរតួនាទីសំខាន់ក្នុងការជួយស្តារឱ្យប្រទេសមីយ៉ាន់ម៉ា ឈានមកកាន់ប្រជាធិបតេយ្យឡើងវិញ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា “យើងលើកទឹកចិត្តប្រទេសអាស៊ានឱ្យទាក់ទងភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកនូវដំណោះស្រាយចំពោះវិបត្តិនេះ”។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកអគ្គរដ្ឋរដ្ឋទូតបានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ខណៈដែលប្រទេសកម្ពុជាបានទទួលរង ក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្ដមបានអះអាងថា សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជា ក្នុងពេលនៃការរីករាលដាលជំងឺជាសកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ មានតម្លៃជាទឹកប្រាក់ចំនួន ១១ លានដុល្លារអាម៉េរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ ក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង។ លើសពីនេះទៀត សហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយជាង ៤ ពាន់លានដុល្លារ ដែលជាជំនួយដ៏ច្រើនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ដែលតាមកម្មវិធីនេះ ប្រទេសកម្ពុជា នឹងត្រូវទទួលជំនួយវ៉ាក់សាំង ១ លាន ១ សែនដូស ត្រឹមចុងខែឧសភា និងមានជាបន្តបន្ទាប់៕ ដោយ៖ រិទ្ធី, សម្រួលផ្សយ៖ កន ចំណាន