USFK ផ្តល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កូរ៉េខាងត្បូង
កាលពីថ្ងៃចន្ទ ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា កងទ័ពសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង (USFK) បានផ្តល់ជូននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយចំនួនរបស់ខ្លួនទៅរដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីជួយបន្ធូរបន្ថយភាពកង្វះខាតវ៉ាក់សាំងរបស់ប្រទេសនេះ។
កាលពីថ្មីៗនេះ USFK បានផ្តល់នូវគោលបំណងរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំង Johnson & Johnson (J&J) ចំនួន ១៣ ០០០ដូស ហើយអាជ្ញាធរការពារជាតិ និងសុខភាពកូរ៉េខាងត្បូងកំពុងពិភាក្សាអំពីរបៀបប្រើប្រាស់វ៉ាក់សាំងនេះ និងព័ត៌មានលម្អិតផ្សេងៗទៀត។
កាលពីក្នុងខែមីនា USFK បានចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំង J&J របស់ក្រុមហ៊ុន Janssen ដល់សមាជិករបស់ខ្លួនបន្ថែមពីលើវ៉ាក់សាំង Moderna ហើយប្រជាជនប្រហែល ៧០ភាគរយបានចាក់វ៉ាក់សាំងរួចរាល់។
មន្ត្រីមួយរូបនៃក្រសួងនេះបាននិយាយថា «យើងកំពុងពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិកដែលបានផ្តល់វ៉ាក់សាំងឱ្យស្តីពីកិច្ចសហប្រតិបត្តិការទៅលើបញ្ហានេះ»។ កូរ៉េខាងត្បូងបាននិងកំពុងពុះពារជម្រុញការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ខ្លួន និងបានស្វែងរកជំនួយពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យ USFK លោកវរសេនីយ៍ឯក Lee Peters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «USFK បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារបង្ការ និងត្រួតពិនិត្យជំងឺ និងក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងទាក់ទងនឹងការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតដោយ FDA» ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Janssen ប្រសិនបើត្រូវបានដឹកជញ្ជូន វាទំនងជាត្រូវបានផ្តល់ជូនដល់ជនស៊ីវិល មិនមែនជាសមាជិកកងទ័ពនោះទេ ព្រោះក្រសួងការពារជាតិទទួលបានវ៉ាក់សាំងសម្រាប់កងទ័ពរួចទៅហើយ។ កម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុលើសពី ៣០ឆ្នាំនឹងត្រូវបានបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយកងទ័ពដែលមានអាយុចាប់ពី ២០ឆ្នាំត្រូវបានគេរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer ដោយចាប់ផ្តើមនៅក្នុងខែមិថុនាខាងមុខនេះ៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល