អ្នកឧកញ៉ា គិត ធាង ដែលពាក់ព័ន្ធ ក្នុងសំណុំរឿង គ្រឿងញៀន ជិត ៥០ គីឡូក្រាម ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែង
ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញ៖ នៅទីបំផុត អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្ត រ៉ក ដែលពាក់ព័ន្ធក្នុងសំណុំរឿង គ្រឿងញៀន ជិត ៥០ គីឡូក្រាម នោះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែង កាលពីដើមសប្តាហ៍នេះ ។ ចំពោះការសម្រេចដោះលែង ឧកញ៉ា គិត ធាង នេះ បានធ្វើឲ្យមជ្ឈដ្ឋាន ទូទៅ លាន់មាត់គ្រប់ៗគ្នា។
សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹម ដោយឲ្យអ្នកឧកញ៉ា គិត ធាង អនុវត្តទោស រយៈពេល តែ ២ ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា ។ សម្រាប់ជនជាប់ចោទ ប្រមាណជិត ៣០ នាក់ ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងជាមួយ លោកឧកញ៉ា គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការ ជាទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាប នៅក្នុងមជ្ឈមណ្ឌល កម្សាន្តរ៉ុក (Rock) ដោយបានឃាត់ខ្លួនមនុស្ស ចំនួនជាង ៣០០ នាក់ ពាក់ព័ន្ធការចែកចាយជួញដូរ និងប្រើប្រាស់ គ្រឿងញៀន រួមទាំង ដកហូតថ្នាំញៀន ជាច្រើនប្រភេទ ប្រមាណជិត ៥០ គីឡូក្រាម កាលពីកណ្ដាលយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនតាមដីការបស់ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រួចនាំខ្លួនទៅកាន់ស្នងការដ្ឋាន នគររាជធានីភ្នំពេញ ដើម្បីសាកសួរ។
អ្នកឧកញ៉ា គិត ធាង ត្រូវតុលាការ បានសម្រេចឃុំខ្លួន កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ដោយលោក សេង លាង ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តុលាការ បានប្រកាសសាលក្រម កាត់ទោសអ្នកឧកញ៉ា គិត ធាងម្ចាស់ទីតាំងអាជីវកម្ម រ៉ក់ អ៊ិនធើធេនមេន សិនធើ ឲ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន ជិត ៥០ គីឡូក្រាម ក្រោមបទចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត។
សូមរម្លឹកថា នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសុខាភិបាលនៅសណ្ឋាគារ សូហ្វី តែល កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីម្តងទៀតថា ទោះបីជាត្រូវជីកដីជម្រៅរាប់ម៉ឺនម៉ែត្រ ក៏ត្រូវតែជីក ឲ្យដល់ ដើម្បីចាប់ឲ្យបានមេខ្លោង គ្រឿងញៀន នៅក្លិបកម្សាន្តរ៉ុក។
សម្តេចតេជោ ក៏បានព្រមានកំទេចចោល អ្នកកាង ចំពោះករណីឧក្រិដ្ឋកម្ម នៅក្លិបកម្សាន្តរ៉ុកនេះផងដែរ។
សម្តេចបន្តថាករណីរ៉ុកគឺជាករណីមិនត្រូវលើកលែងនោះទេ ។ ករណីរ៉ុកទោះបីជាត្រូវជីកជម្រៅប៉ុន្មានរយម៉ែ ត្រឬម៉ឺនម៉ែត្រចុះក្នុងដីដើម្បីរកមេខ្លោងក៏ត្រូវជីកឲ្យជ្រៅតាមរកដែរ ព្រោះវាបានបំផ្លាញអនាគតយុវ ជនជាច្រើនរួវមកហើយ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាន៍ថា នៅព្រឹកម្សិលមិញ សម្តេចបាននិយាយបញ្ហាឧក្រិ ដ្ឋកម្ម នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក បន្ទាប់ទៅមានសកម្មភាព មួយចំនួនបានកើតឡើង ។ សម្តេចបានបញ្ជាក់ថា សម្តេចមិនបានបញ្ជូនសារ ដើម្បីនឹងជះឥទ្ធិពល ទៅលើការស្រាវជ្រាវ របស់តុលាការ ឬ ផ្នែកសមត្តកិច្ចនោះទេ ។
សម្តេចតេជោ បន្តថា៖«ករណីរ៉ុក ជាករណីមិនអាចលើកលែងបានទេ ករណីរ៉ុក ត្រូវជីក ទោះបីត្រូវជីក ជម្រៅប៉ុន្មាន ម៉ឺនម៉ែត្រ ចុះទៅក្រោមដី ដើម្បីរកមេខ្លោង ក៏ត្រូវជីក ដើម្បីរកមេក្លោង ត្រូវរកឲ្យឃើញ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក »។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា កិច្ចសន្យាចំនួន ២ លើក ដែលអ្នកឧកញ៉ាគិត ធាង បានធ្វើជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក រួមមាន: លើកទី១- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២-នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ដោយនៅក្នុងកិច្ចសន្យានោះ អ្នកឧកញ៉ា គិត ធាង បានសន្យាថា “មិនអនុញ្ញាតអោយមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្ត អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បិទអាជីវកម្ម ទាំងស្រុង និងទទួលខុសត្រូវ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។
បើទោះបីជាមានការធ្វើកិច្ចសន្យា ចំនួនពីរដង រួចមកហើយក៏ដោយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ របស់អ្នកឧកញ៉ា គិត ធាង នៅតែមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
ជាក់ស្តែង កាលពីយប់ រំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ អាជ្ញាធរមាន សមត្ថកិច្ចបានធ្វើការចុះទៅ បង្ក្រាបជាទ្រង់ទ្រាយធំ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងបានដករហូត ថ្នាំញៀនជិត ៥០ គីឡូក្រាម រួមទាំងឃាត់ខ្លួនមនុស្ស ចំនួនជាង ៣០០ នាក់ ក្នុងនោះគឺមាន ជនសង្ស័យ ចំនួន ៣០នាក់ មានជនជាតិខ្មែរ ចំនួន ១៧ នាក់ និងជនជាតិចិន ចំនួន ១៣ នាក់៕