កម្ពុជា និងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ៖ ឱកាស និងការត្រៀមលក្ខណៈក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន
កម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ាន បានលើកឡើងនូវកត្តាចម្បងបួន ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១).កត្តាមិនជ្រៀតកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់សម្រាប់ការពារអធិបតេយ្យ នៃរដ្ឋជាសមាជិក, (២).កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេចចិត្តរបស់អាស៊ាន គឺផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិនគិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ, (៣).កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងសង្គម និង(៤). អាស៊ានជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា។
រយៈពេល ២០ ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាន និយាយ ជារួម និងការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និយាយដោយឡែក។ ចាប់តាំងពីពេលដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជាធ្លាប់បានធ្វើជាប្រធាន អាស៊ានចំនួន២លើករួចមកហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន អាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វី ជាឱកាសសម្រាប់កម្ពុជាក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន? តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?
ជាការណ៍ពិតណាស់ តួនាទីជាប្រធានអាស៊ាន អាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។ ក៏ប៉ុន្តែជាបឋមអ្វីដែលជាឱកាសម្រាប់កម្ពុជានៅពេលនេះ គឺជា ពេលវេលាដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាក អន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ពហុភាគីនិយម។
ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាពខាងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។ ប៉ុន្តែ សន្តិភាព និងស្ថិរភាព នយោបាយនៅប្រទេសកម្ពុជាគឺជា រឿងដែលមិនអាចមើលរំលងបាន។ បើសិនជាកម្ពុជាស្ថិតក្នុង ចលាចលខាងនយោបាយ និងការហែកហួរ ដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួលភារកិច្ចដ៏ធំបែបនេះបាននោះទេ។ ព្រឹត្តិការណ៍ នេះនឹងជួយឱ្យកម្ពុជា លើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូតសេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និង ការងារមនុស្សធម៌អន្តរជាតិ។
នៅក្នុងតំបន់ក៏ដូចជាពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុងកើតឡើង ដូចជា ការប្រកួតប្រជែង រវាងមហាអំណាច , បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាការប្រើប្រាស់ ទឹកនៅក្នុងតំបន់មេគង្គ, ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាការទូតវ៉ាក់សាំង, ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩, គ្រោះមហន្តរាយធម្មជាតិ, ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ជនបាត់បង់ទីលំនៅក្នុងស្រុក, ពលករចំណាកស្រុក,ការផ្លាស់ប្តូរអាកាសធាតុ ជាដើម នឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។ បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែនឬជាការទទួលខុសត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួមរបស់សហគមន៍ អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ ២០២២ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែក ដោះស្រាយបញ្ហា ប្រឈម ដ៏ស្មុគស្មាញខាងលើ។
កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា, ឥឡូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។ កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល, ឥឡូវនេះ បានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាម រយៈការរៀបចំយ៉ាងទៀតទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ។ ទាំងនេះជាមេរៀន និងបទពិសោធន៍នៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាអាចចែករំលែកជាមួយសមាជិកអាស៊ាន ដទៃទៀតក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។
ការជំរុញដំណើរសមាហរណកម្មតំបន់ពេញលេញរបស់អាស៊ាន និងការលើកម្ពស់កិច្ចសហប្រតិបត្តិការ ខាង ក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោត ការយកចិត្តទុកដាក់។ ដូច្នេះ ឆ្នាំ២០២២ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញការយល់ព្រមលើសមាជិកភាពរបស់ប្រទេសទីម័រខាងកើត ជាសមាជិកទី១១ របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនោះដែរ ចុងក្រោយជាឱកាសដែលកម្ពុជាអាចបង្ហាញពី សក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។
ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបានក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ ២០២២ខាងមុខនេះ។ ប៉ុន្តែ សំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះដើម្បីចាប់យកឱកាសទាំងនោះ?
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀមលក្ខណៈទាំងខាងក្នុង និងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផង និងទប់ទល់នឹងបញ្ហា ប្រឈមផង។ ខាងក្រោមនេះជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងឋានៈជា ប្រធានអាស៊ាន។
ពិតហើយ កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាលឬស្ថាប័នរដ្ឋណាមួយ ដាច់ដោយឡែកនោះទេ។ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជា ជាការទទួលខុសត្រូវរបស់យើងទាំងអស់ គ្នា រាប់ទាំងប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុង គឺត្រូវធានាថា មានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ានជាប្រវត្តិសាស្ត្រនេះឱ្យទទួលបានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស, សម្ភារៈ, ថវិកា, បច្ចេកទេស, ការងារសន្តិសុខ, ការងារពិធីការ និងបដិសណ្ឋារ កិច្ច ជាពិសេស ការងារឯកសារ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធ នានា ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ព្រឹតិ្តការណ៍នេះ។
ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានា គួរតែមានជំហររួមទៅលើគោលបំណង និង អាទិភាពគោលនយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹក និងផលប្រយោជន៍ជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួម ចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផលប្រយោជន៍ដ៏លើសលប់ ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន, ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី តួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ជូន ទៅដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស, អង្គការសង្គមស៊ីវិលនានាក៏ត្រូវរួមចំណែកលើកម្ពស់ មុខមាត់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ក្នុងន័យស្ថាបនាដល់ រាជរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជា ក៏មានចំណែកក្នុងភាពជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួន ជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវ ជាពលរដ្ឋប្រកបដោយពុទ្ធិ និងជា ពលរដ្ឋដែលសកម្ម។
ជាទិដ្ឋភាពខាងក្រៅ តំបន់ និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗ តួយ៉ាង ការប្រកួតប្រជែងនៃពួកមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នារវាង យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative – BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។ ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀម និងការពិគ្រោះ យោបល់ ដើម្បីស្វែងរកមូលដ្ឋានរួមសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ក្នុងចំណោមប្រទេស នានានៅក្នុងតំបន់ ដើម្បីកុំឱ្យសមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាម៉េរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ ពោលគឺជំរុញរបៀបវារៈទាំងឡាយណាដែលចងភ្ជាប់អាស៊ាន ជាជាងបញ្ហាដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេសគឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ក្នុងការគ្រប់គ្រងការប្រកួតប្រជែង អំណាចរវាង ចិន និងសហរដ្ឋអាម៉េរិក ដើម្បីរក្សា និងគ្រប់ គ្រងស្ថានភាពឬបរិស្ថាន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។ លើសពីនេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈដែល អាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ានដើម្បី ឱ្យពលរដ្ឋអាស៊ានមានមោទនភាព និងក្តីសង្ឃឹមសម្រាប់អនាគត និងមានទំនុកចិត្តសម្រាប់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ និង ព្យាយាម ធ្វើឱ្យ មាន តុល្យភាព ផងដែរ រវាង សសរស្តម្ភ ទាំង ៣ របស់ អាស៊ាន រួមមាន សហគមន៍ នយោបាយ-សន្តិសុខ , សហគមន៍ សេដ្ឋកិច្ច និង សហគមន៍ សង្គម- វប្បធម៌ ។
ក្នុងឱកាសដ៏ពិសេសនោះ កម្ពុជាគួរផ្តួចផ្តើមគំនិតបង្កើត «ក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្របសម្រួលអាស៊ាន» មួយដែលដើរតួនាទីជាស្ថាប័ន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ និងលិខិតូបករណ៍នានារបស់អាស៊ាន ព្រោះអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់មិនអស់ ប៉ុន្តែការអនុវត្ត ជាក់ស្តែងហាក់ដូចជានៅមានកម្រិតនៅឡើយ ហើយអាស៊ាន មិនទាន់មានយន្តការអចិន្ត្រៃយ៍ និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះនឹងដើរតួនាទីជាយន្តការសម្រាប់សម្របសម្រួលឬដោះស្រាយវិបត្តិផ្ទៃក្នុង នៃ រដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយដើម្បីធ្វើការជាមួយបណ្តា គូជម្លោះនៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែក មេរៀន និងបទពិសោធន៍នៃការកសាងសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេស មីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បី បង្ហាញថា កម្ពុជាមានសមត្ថភាពជួយដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសជាសមាជិកអាស៊ានដូចគ្នា។ ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែជាការបង្ហាញសាមគ្គីភាពអាស៊ាន និងការជួយគ្នា ទៅវិញទៅមកដោយឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
កម្ពុជាត្រូវបន្ត លើកកម្ពស់តួនាទី និងកិត្យានុភាពជាតិលើ ឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀតនូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារមីន ទៅជាប្រទេសដែល មានសកម្មភាពលេចធ្លោក្នុងការបោសសម្អាតមីន, ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព និងការងារមនុស្សធម៌ អន្តរជាតិ, ការប្រកាន់ ខ្ជាប់ នូវ នីតិរដ្ឋ, អភិបាលកិច្ច ល្អ, គោលការណ៍ ប្រជាធិបតេយ្យ ក៏ដូចជា ការ លើកកម្ពស់ នូវ ការគោរព និង ការការពារ សេរីភាព សិទ្ធិមនុស្ស និងការ លើកកម្ពស់ យុត្តិធម៌ សង្គម ជាដើម ដើម្បីកសាងមុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
កម្ពុជាចាំបាច់ត្រូវធ្វើសកម្មភាពចាប់ ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រខាងកើត ទៅក្នុងអាស៊ាន។ ទីម័រខាងកើតជារដ្ឋមួយ ដូចកម្ពុជាដែរដែលបានឆ្លងកាត់ជម្លោះ និងអំពើប្រល័យពូជសាសន៍ ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់នៃការចូលរបស់ ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ ដូច្នេះ វាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រ និងជួយដល់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ានដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ាន មានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីកដៃគូសហប្រតិបត្តិការខាងក្រៅ របស់អាស៊ានដើម្បីផលប្រយោជន៍អាស៊ានផង និងដើម្បីតុល្យភាពផង។
កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រគាំទ្រគោលការណ៍ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ទំនាក់ទំនងអន្តរជាតិដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនា និងការចរចា។ ប្រទេសកម្ពុជាត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះ និង អធិបតេយ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួជាមេអណ្តើកក្នុងការសម្របសម្រួល បន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូង ផងដែរ។
ចុងក្រោយ ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួរ រៀបចំវេទិកាធុរកិច្ច និងវិនិយោគ ដើម្បីបង្ហាញ សក្តានុពល និងភាពទាក់ទាញរបស់ កម្ពុជា លើវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែង របស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្ត ធ្វើ កំណែ ទម្រង់ ស៊ី ជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ទៅ លើ ស្ថាប័ន របស់ រដ្ឋ, បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែល អាច កាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមចង្វាក់ផលិតកម្ម, ការ ផ្គត់ផ្គង់ អគ្គិសនី និងទឹកក្នុង តម្លៃ ទាប, កាត់បន្ថយឬលុបបំបាត់ការិយាធិបតេយ្យ ក្នុងនីតិវិធីវិ និយោគ និងចុងក្រោយគឺពង្រឹងអភិវឌ្ឍធនធានមនុស្សដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់ កណ្តាលជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។
ជារួមទៅ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើន ក្នុងការបង្ហាញ មុខមាត់ និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាព ក្នុងការរួមចំណែក ដោះស្រា យ បញ្ហាតំបន់ និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។ ប៉ុន្តែ ភាពជោគជ័យឬបរាជ័យរបស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ និងការចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វ ផ្សាយ រដ្ឋ និងឯកជន អង្គការសង្គមស៊ីវិលអ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅ ដែល ម្នាក់ៗសុទ្ធតែមានចំណែកចំពោះភាពជោគជ័យឬបរាជ័យ នៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាប្រធាន អាស៊ាននេះ៕
ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា, ផ្សាយដោយ៖ កន ចំណាន