មេបញ្ជាការភូមិភាគ៥ជំរុញដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ការចម្លងរីករាលដាល ជំងឺកូវីដ-១៩ មកពីក្រៅប្រទេស
TNM(ប៉ៃលិន) ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ និងលោក ហុក សុផល អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារយោធា នៅទីបញ្ជាការមុខ ទិសទី៣ ប៉ៃលិន-សំឡូត ស្តីពីការពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់នានា ជាពិសេស បេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស។
លោក ហុក សុផល អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ព្រមទាំងការនាំចូលពីក្រៅប្រទេស ដោយបានដាក់កម្លាំងសមត្ថកិច្ចទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជំនាញប្រចាំការ ២៤/២៤ម៉ោង ដើម្បីពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់នានា ជាពិសេសបេសកកម្ម ទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍លើក ឡើងថា៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៍បានរកឃើញពលករដែលឆ្លងដែនមកពីប្រទេសថៃ មានវិជ្ជមានជំកូវីដ-១៩ ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែន ត្រូវធ្វើយ៉ាង ណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង/២៤ម៉ោង តាមគោលដៅដែលខ្លួន ទទួលខុសត្រូវ ហើយបើមានពលករឆ្លងដែនមក មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ មកពីក្រៅប្រទេស។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯក សំអូន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានជួយសម្របសម្រួល និងសហការល្អជាមួយកងកម្លាំង ដែលកំពុងឈរជើងតាម ខ្សែបន្ទាត់ព្រំដែន ព្រមទាំងបាន ជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត រួមសុខរួមទុក្ខ ជាមួយកងកម្លាំងគ្រប់ពេលវេលា ដើម្បីបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានឲ្យដឹងថា៖ កងកម្លាំងចម្រុះ បានប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន និងតាមច្រកធម្មជាតិ ដើម្បីពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើស ឆ្លងដែនខុសច្បាប់នានា ជាពិសេសបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស គឺមានចំនួន ២៥គោលដៅ ហើយប្រចាំការ ២៤/២៤ម៉ោង ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការនានា របស់ក្រសួង សុខាភិបាល៕