អ្នកចាក់វ៉ាក់សាំងទី២លាន ជាកម្មការិនីរោងចក្រ ទទួលបាន រង្វាន់លើកទឹកចិត្តចំនួន១០លាន រៀល
TNM(ភ្នំពេញ) ៖ អ្នកចាក់វ៉ាក់សាំងទី២លាន ជាកម្មការិនីរោងចក្រនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀល ពីប្រមុខរាជរដ្ឋាភិបាល។

យោងតាមផេកហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។

ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែល បានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដោយទទួលបានរង្វាន់១០លានរៀល។ នៅថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលដែរ។ ដូចនេះសូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

សម្តេចតេជោបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕