ឯកឧត្តម ម៉ុម សារឿន អំពាវនាវដល់និយោជក់ ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានា បន្តពង្រឹងការលើកកម្ពស់ផ្នែកសុខុមាលភាព សុវត្ថិភាព និងការគោរពច្បាប់ការងាររបស់កម្មករ និយោជិត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩

TNM(ខេត្តស្ទឹងត្រែង) ៖ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ដាស់តឿនទៅដល់និយោជក់ ម្ចាស់ក្រុមហ៊ុននិងសហគ្រាសនានា ត្រូវបន្តពង្រឹងការលើកកម្ពស់ផ្នែកសុខុមាលភាព សុវត្ថិភាពនិងការគោរពច្បាប់ការងាររបស់កម្មករនិយោជិត ដើម្បីការពារការឆ្លងជំងឺ covid-១៩ ការមានប្រសាសន៍បែបនេះបានថ្លែងនៅក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៥ «ទិវាពលកម្មអន្តរជាតិ» ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវីវៈខេត្ត តំណាងក្រុមហ៊ុន និងកម្មករ កម្មការនីផ្នែកវិចខ្ចប់ ប្រមាណ ១០០នាក់ ស្ថិតនៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី នៅក្នុងភូមិឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ណែនាំដល់កម្មករ និយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសនានាដទៃទៀត ត្រូវរួមគ្នាអនុវត្តវិធានការសុខាភិបាល ដើម្បីរក្សារស្ថេរភាពការងាររបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន បានផ្តល់ការងារ និងកំពុងដំណើរការប្រមូលផល និងការវិចខ្ចប់ផ្លែស្វាយ ដែលមានចំនួន៣ប្រភេទ ដោយនាំឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ក៏បានជម្រុញទៅដល់ម្ចាស់ក្រុមហ៊ុន ដែលជាភាគីនិយោជក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជូនកម្មករ និយោជិត ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺវិធានការ ៣កុំ និង៣ការពារ ឲ្យខាងតែបាន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើទោះបីខេត្តស្ទឹងត្រែង នាបច្ចុប្បន្ននេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ១ករណីក៏មែនពិត តែអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានចាត់ទុកកម្លាំងកម្មករ កម្មការនី គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យមានកំណើនផ្នែកការងារ សេដ្ឋកិច្ចជាតិ និងគ្រួសារ ហើយក៏ជាកម្លាំងទ្រទ្រង់ក្រុមហ៊ុនទាំងមូល ធ្វើឲ្យមានការរីកចំរើនទៅមុខបានយ៉ាងល្អប្រសើរ តាមរយៈការនាំផលិតផលក្នុងស្រុក ចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីកាត់បន្ថយផលប៉ះពាល់រក្សាលំនឹងអាជីវកម្មនិងលំនឹងជីវភាពជូនកម្មករនិយោជិតទាំងអស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូន កូនក្មួយកម្មករនិយោជិកបានខិតខំស្វះស្វែងគ្រប់មធ្យោបាយដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ព្រមទាំងបានបញ្ជា ទិញវាក់សាំងពីគ្រប់ប្រភព មានចំនួន ១ លានដុំក្នុងនោះជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ៣២ ម៉ឺនដូស តាមរយៈយន្តការ ខូវ៉ាក់ ១លាន៥សែនដូស បញ្ជាទិញ ពីប្រទេសចិន នឹងបន្តបញ្ជាទិញ ៤លានដុំបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ជាទិញបន្ថែមទៅតាមរយៈតម្រូវការចាំបាច់ជាក់ស្ដែងនិងរៀបចំយុទ្ធនាការចាក់វាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ ។ បើទោះបីជាយុទ្ធនាការនេះបាននិងកំពុងប្រព្រឹត្តទៅដោយរលូនក៏មិនមានន័យថា យើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ១៩ បាន 100%នោះដែរ ហើយស្ថានភាពសង្គមសេដ្ឋកិច្ចមិនអាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ត្រូវបន្តជម្រុញ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តដោយឱ្យអនុវត្តច្បាប់ស្ដីពីការងារឲ្យទទួលបាននៅប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ដើម្បីធានាបាននៅការលើកកម្ពស់សន្តិសុខស្ថេរភាពសង្គមនិងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនដែលបាននឹងកំពុងវិនិយោគក៏ដូចជាកម្មករនិយោជិកទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ផងដែរ ។

លោក បួរ វិរុនប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានថ្លែងថា លោកបានកត់សម្គាល់ឃើញថា នៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ីនេះ បានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព និងសុខុមាលភាពកម្មករ ជាពិសេស ក្នុងពេលបំពេញការងារ ក្រុមហ៊ុនបានអនុវត្តតាមវិធានការណែនាំរបស់ សុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួន។ លោកប្រធានមន្ទីរខេត្ត បានថ្លែងបន្តថា នៅក្នុងឆ្នាំ២០២១នេះ មន្ទីរការងារខេត្ត បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៥ «ទិវាពលកម្មអន្តរជាតិ ១សឧសភា» នៅក្នុងក្រុមហ៊ុននេះ ក៏ព្រោះតែចង់លើកស្ទួយកម្មករ កម្មការនីទាំងអស់ ឲ្យរួមគ្នាខិតខំប្រឹងប្រែងធ្វើការងារក្នុងស្រុក ការកាត់បន្ថយការធ្វើចំណាកស្រុក និងការលើកកម្ពស់ការថែរក្សាសុខភាព ផងដែរ។

លោក បួរ វិរុន ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានគ្រឹះស្ថានសេវានានា ១៤៥ សហគ្រាស និងមានកម្មករ និយោជិត ៣ពាន់ ៧៧៤នាក់ ក្នុងនោះ មានកម្មករជាស្ត្រី ១ពាន់ ៣៤៥នាក់ ដែលកំពុងបំរើការងារ និងទទួលបានប្រាក់ឧបត្ថម្ភ ពីម្ចាស់ក្រុមហ៊ុនយ៉ាងសមរម្យ។ ចំពោះកម្មករដែលកំពុងបំរើការងារ នៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ីន មានចំនួនជាង ៥០០នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចាប់ពី ៧៥ម៉ឺនរៀល ទៅ ១លាន ៣០ម៉ឺនរៀល ទៅតាមការងារបច្ចេកទេសរៀងៗខ្លួន ៕(សហការី TNM)
អត្ថបទដែលជាប់ទាក់ទង